លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ និង លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរថាសមគ្នាខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូច្រៀងជាមួយគ្នាក្នុងកម្មវិធីប្រគំតន្រ្តីដើម្បីអបអរឆ្លងឆ្នាំសាកល២០២៤ នាពេលថ្មីៗនេះ។ ការចាប់ដៃគូជាមួយគ្នានេះអ្នកគាំទ្ររបស់ពួកគេរំពឹងថានាពេលខាងមុខម្ចាស់ពានទាំងពីររូបនេះអាចមានបទចម្រៀងផ្លូវការជាមួយគ្នាជូនអ្នកគាំទ្រ។
បទដ៏ល្បីល្បាញរបស់ ពេជ្រ សោភា និង ជី ដេវីត មានចំណងជើងថា «ស្រឡាញ់បងម៉ែឱ្យជិះឆ្កែ» និងបទ ស្រលាញ់អូន៣៦៦ថ្ងៃ ពីម្ចាស់សំនៀងដើម ពេជ្រ សោភា និង ឆន សុវណ្ណារាជ ត្រូវបានម្ចាស់ពានពីររូបគឺ លីម តិចម៉េង និង លឹម សេរីហាន់នីកា បានជ្រើសយកមកបកស្រាយរួមគ្នានៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីពេលថ្មីៗនេះដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ។ ការបកស្រាយបទចម្រៀងរបស់អ្នកទាំងពីរញុំាឱ្យអ្នកគាំទ្រកាន់តែសប្បាយរីករាយរាំលេងកម្សាន្តនិងច្រៀងទៅតាមចង្វាក់ភ្លេង ខណៈអ្នកគាំទ្រក៏ចង់ឃើញម្ចាស់ពានទាំងពីរដែលសុទ្ធតែជាកំពូលមនុស្សបានប៉ះគ្នាម្តងព្រោះ តិចម៉េង និង នីកា ពូកែកូដូចគ្នា។
ក្រោយពីម្ចាស់ពានទាំងពីររូបប៉ះគ្នាហើយ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងព្រោះពួកគេទន្ទឹងរង់ចាំរូបភាពនេះជាយូរមកហើយ ខណៈ តិចម៉េង និង នីកា ជាម្ចាស់ពានទាំងវ័យក្មេងដូចគ្នាហើយការចាប់ដៃជាមួយគ្នានេះពិតជាស៊ីចង្វាក់គ្នាបានល្អណាស់។ អ្នកគាំទ្របានលើកឡើងទៀតថា ថ្ងៃមួយខាងផលិតកម្មនឹងមានបទចម្រៀងផ្ទាល់ខ្លួនឱ្យអ្នកទាំងពីរចេញបទជាមួយគ្នាផងដែរ។
លីម តិចម៉េង បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ជាង១ឆ្នាំមកហើយ ខណៈលោកបានចេញបទជាមួយតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បាន១បទ ក្រៅពីនោះលោកចេញបទចម្រៀងទោលនិងជាមួយក្រុមTOP4 ។ ចំណែក លឹម សេរីហាន់នីកា បានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ប្រមាណជា៣ខែដោយបានចេញជាបទចម្រៀងទោលចំនួន៤បទលើទីផ្សារ មិនទាន់មានដៃគូចម្រៀងប្រុសចេញបទរួមគ្នានៅឡើយទេ៕










