ប្រទេសកូរ៉េខាងត្បូង ៖ នៅតាមបណ្តាទីក្រុងនានាលើពិភពលោក បានប្រឈមមុខនឹងបញ្ហាស្ទះចរាចរណ៍ ហើយទីក្រុងទាំងនេះបានព្យាយាមដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅក្នុងទីក្រុង ។ នៅឆ្នាំ២០២៤ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នឹងប្រើប្រាស់ដ្រូនដើម្បីត្រួតពិនិត្យការធ្វើចរាចរនៅតាមដងផ្លូវ ហើយវានឹងធ្វើការជាមួយបច្ចេកវិទ្យា AI ដើម្បីព្យាករការស្ទះចរាចរណ៍ផងដែរ ។
នៅឆ្នាំ២០២៤ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងយកដ្រូនមកជួយត្រួតពិនិត្យការធ្វើចរាចរនានា ដើម្បីប្រមូលផ្តុំទិន្នន័យ, ពិនិត្យមើលការធ្វើចរាចរក្នុងម៉ោងនីមួយៗ ហើយប្រមូលទិន្នន័យទាំងនេះមកធ្វើការជាមួយបច្ចេកវិទ្យា AI ដើម្បីព្យាករថា តើនឹងស្ទះចរាចរណ៍នៅលើផ្លូវណាខ្លះ ហើយវាស្ទះនៅម៉ោងប៉ុន្មាន ។ លើសពីនេះ វានឹងណែនាំផ្លូវដែលអ្នកដំណើរពុំគួរបើកបរ ដើម្បីកាត់បន្ថយការស្ទះចរាចរឱ្យបានច្រើនបំផុត ។
អាជ្ញាធរក្រុងសេអ៊ូលនឹងបង្ហោះដ្រូនក្នុងកម្ពស់២០០ម៉ែត្រ ដើម្បីឱ្យវាអាចប្រមូលទិន្នន័យបានគ្រប់ទីកន្លែងក្នុងទីក្រុងសេអ៊ូល ហើយអាចប្រមូលទិន្នន័យនៅតំបន់ដែលគ្មានកាមេរ៉ាសុវត្ថិភាពផងដែរ ។ អាជ្ញាធរបានចាប់ផ្តើមប្រមូលព័ត៌មានរួចហើយតាមរយៈដ្រូន កាលពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃអំពីស្ថានភាពចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំសកល ។
ហេតុនេះ គោលដៅនៃការប្រើប្រាស់ដ្រូនត្រួតពិនិត្យការធ្វើចរាចរនៅតាមដងផ្លូវមុនពេលស្ទះចរាចរណ៍ គឺដើម្បីការពារការស្ទះចរាចរណ៍ ។ ម្យ៉ាងទៀត ការប្រើប្រាស់ដ្រូនមានលក្ខណៈខុសប្លែកគ្នាពីការពិនិត្យមើលស្ថានការណ៍ចរាចរណ៍នាពេលបច្ចុប្បន្ន ដែលត្រូវរង់ចាំឱ្យស្ទះចរាចរណ៍ជាមុនសិន ទើបរកវិធីឱ្យរថយន្តនានាបើកបរទៅផ្លូវផ្សេង ។
ក្រៅពីដ្រូនអាចប្រមូលទិន្នន័យពីការធ្វើចរាចរនៅតាមដងផ្លូវហើយ ទីក្រុងសេអ៊ូលក៏អាចប្រើប្រាស់ដ្រូនឱ្យត្រួតពិនិត្យមើលតំបន់ផ្សេងៗថា តើតំបន់ទាំងនោះមានសំណង់ណាខ្លះខុសច្បាប់ ឬរំលោភលើទីធ្លាសាធារណៈ ៕










