ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារឿងតារាចម្រៀង ពេជ្រ សោភា បានបង្ហើបប្រាប់អ្នកគាំទ្រថារូបនាងបានបែកគ្នាជាមួយគូដណ្តឹងលោក ឆឹម សក្កដា ហើយ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្លាយរឿងថាការបែកគ្នានេះព្រោះតែមានជនទី៣ជ្រែតជ្រែកថែមទាំងជានារីវ័យក្មេងថែមទៀត។ ទោះយ៉ាងណា ចាប់តាំងពីដំណឹងនេះសាយភាយមកតារាសម្តែង ឆឹម សក្កដា បានព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត ខណៈទើបតែទម្លាយនៅថ្ងៃទី២៨ ធ្នូ នេះដោយផ្តល់ចម្លើយយ៉ាងខ្លីប៉ុណ្ណោះ។
លោក ឆឹម សក្កដា បានបង្ហោះសារលើបណ្តាញសង្គមថា «ខ្ញុំជឿថានៅមាន មនុស្សជាច្រើនដែលចេះគិត ប្រកបដោយវិចារណញ្ញាណ! ខ្ញុំសុំមិនបកស្រាយអ្វីទាំងអស់ ឈប់សួរខ្ញុំទៀតទៅ»។ ទោះបីជាលោកមិនបញ្ជាក់ថាជារឿងអ្វី ប៉ុន្តែគេក៏ដឹងថាសារនេះចង់សម្តៅទៅលើការចែកផ្លូវគ្នាជាមួយគូដណ្តឹង ពេជ្រ សោភា ។
បើតាមការបង្ហោះសារសេដៗរបស់តារាចម្រៀង ពេជ្រ សោភា បានស៊ែរបទចម្រៀងដែលខ្លួនទើបតែចេញខណៈអ្នកខ្លះថានាងយករឿងពិតរបស់ខ្លួនមកឆ្លុះបញ្ចាំងក្នុងបទចម្រៀងថ្មីនេះ ដោយរៀបរាប់ថា «ចង់នៅម្នាក់ឯងលេសសាហាវ ប្រាប់តាមត្រង់មកចង់បែក ស្រួលខ្ញុំធ្វើចិត្តឱ្យបានដែរ ខ្ញុំឈឺយល់ទេ ថាខ្ញុំឈឺ។ ខ្ញុំមិនល្ងង់ទេទាក់ទងគ្នាចុះ ជូនពរអ្នកទាំងពីរ ចាំថាខ្ញុំមិនធ្លាប់ស្គាល់នាងចុះ មនុស្សស្និតស្នាល សាហាវជាងអ្នកឆ្ងាយ»។
តាមសម្តីរបស់ ពេជ្រ សោភា ទៅលើប្រយោគនេះត្រូវបានហ្វេនៗសន្និដ្ឋានថា ការបែកបាក់ស្នេហារបស់ ពេជ្រ សោភា និង លោក ឆឹម សក្កដា មានជនទី៣ហើយនារីនោះមិននៅឆ្ងាយពី ពេជ្រ សោភា ឡើយដែលជាហេតុធ្វើឱ្យភ្លើងកម្តៅលើបណ្តាញសង្គមកាន់តែចង់ដឹងថែមទៀត តើនារីរូបនោះជាអ្នកណា។
ជាមួយគ្នានេះដែរ បើតាមលោក ឆឹម សក្កដា បានឆ្លើយឆ្លងការខម្មិនរបស់អ្នកលេងបណ្តាញសង្គមបានថាឱ្យលោកមានចិត្តមិនស្មោះត្រង់បោកប្រាស់ចិត្តរបស់គេទោះបីត្រឹមជាសង្សារក៏ដោយនឹងមានកម្មពៀរ ខណៈលោក ឆឹម សក្កដា បានឆ្លើយតបថាខ្លួនមិនមានកម្មពៀរនោះទេ ដែលឃ្លានេះលោកហាក់ចង់បញ្ជាក់ថាមិនបានបោកប្រាស់គូដណ្តឹងខ្លួន។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានសរសេរថា អ្នកក្បត់ដើរតួកំសត់ ឯអ្នកត្រូវគេក្បត់ដើរតួកាច ហើយលោក ឆឹម សក្កដា បានចូលតបវិញថា ល្អមើលណាស់រឿងហ្នឹង។
គួរបញ្ជាក់ថា តារាសម្តែង ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៕










