អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនឱ្យប្រទេសទាំងអស់នៅលើពិភពលោក ប្រុងប្រយ័ត្នជំងឺគ្រុនឈាម ដោយសារជំងឺនេះបានឆ្លងរាលដាលក្នុងប្រទេសជាច្រើន ដែលពុំធ្លាប់រកឃើញជំងឺនេះពីមុនមក ។ នៅឆ្នាំ២០២៣ មនុស្សនៅលើពិភពលោក បានកើតជំងឺគ្រុនឈាមរហូតដល់ជាង៥លាននាក់ ហើយមានអ្នកស្លាប់ដោយសារគ្រុនឈាម ស្មើជាង៥.០០០នាក់ ។
Diana Rojas Alvarez ជាប្រធានក្រុមការងារប្រឆាំងនឹងមេរោគឆ្លងពីសត្វល្អិតរបស់អង្គការសុខភាពពិភពលោក បានលើកឡើងក្នុងសន្និសីទប្រចាំសប្តាហ៍នៅទីក្រុងហ្សឺណែវថា នៅទ្វីបអាមេរិក មានអ្នកកើតជំងឺគ្រុនឈាមប្រមាណជិត៨០% ឬស្មើនឹង៤លាន១សែននាក់ ។ បន្ទាប់មក ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិកខាងលិច ។
ប្រធានក្រុមការងារប្រឆាំងនឹងមេរោគឆ្លងពីសត្វល្អិតមកពីអង្គការ WHO បន្តថា បម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន គឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សនៅលើពិភពលោក កើតជំងឺគ្រុនឈាម ។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យតំបន់ជាច្រើនមានភ្លៀងធ្លាក់, សំណើម និងសីតុណ្ហភាពកើនឡើង ។ ដូច្នេះ វាបណ្តាលឱ្យសត្វមូសកើតឡើងកាន់តែច្រើន ។
អង្គការសុខភាពពិភពលោក បញ្ជាក់ថា បើទោះជាមនុស្សនៅទូទាំងពិភពលោក ប្រឈមមុខជាមួយជំងឺគ្រុនឈាម និងពុំទទួលបានការព្យាបាលជាក់លាក់ក្តី ប៉ុន្តែអ្នកជំងឺគ្រុនឈាមស្ទើរទាំងអស់គ្មានរោគសញ្ញាទេ ហើយពួកគេបានជាសះស្បើយក្នុងរយៈពេលពី១សប្តាហ៍ ទៅ២សប្តាហ៍ ។ រីឯអ្នកកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ពួកគេមានរាងកាយចុះខ្សោយ និងឈាមហូរច្រើន ។
គួរបញ្ជាក់ថា ចំនួនអ្នកជំងឺគ្រុនឈាមនៅទូទាំងពិភពលោក ធ្លាប់បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០១៩ គឺស្មើនឹង៥លាន២សែននាក់ នៅក្នុងប្រទេសចំនួន១២៩ ។ ចំនួននេះបានកើនឡើងរហូតដល់១០ដងឯណោះ បើធៀបនឹងឆ្នាំ២០០០ ។
ចុងក្រោយ ប្រធានក្រុមការងារប្រឆាំងនឹងមេរោគឆ្លងពីសត្វល្អិតមកពីអង្គការ WHO និយាយថា ការគំរាមកំហែងដោយសារជំងឺគ្រុនឈាម គឺទាមទារឱ្យអង្គការ WHO តាមដានឱ្យបានដិតដល់ និងដោះស្រាយជាបន្ទាន់ ដើម្បីឱ្យប្រទេសនានាគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺនេះនាពេលបច្ចុប្បន្ន និងត្រៀមទប់ស្កាត់នៅរដូវឆ្លងនាថ្ងៃអនាគត ។ លើសពីនេះ គួរតែត្រួតពិនិត្យជំងឺ និងព្យាបាលតាំងពីពេលឆ្លងលើកដំបូង ទើបអាចកាត់បន្ថយអត្រាស្លា.ប់ដោយសារអាការៈធ្ងន់ធ្ងរបាន ៕










