នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបាននាំយកភ្ញៀវទេសចរ១ ៩៩១នាក់ ដែលក្នុងនោះ ស្រីចំនួន១ ០៣២ នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់។
នាវាទេសចរណ៍នេះ នឹងចាកចេញពីកម្ពុជាវិញ នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ដដែលនេះ ខណៈអ្នកទេសចរប្រមាណ៦០០នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរដែលចុះពីនាវាទេសចរណ៍នេះ ត្រូវបានទទួលស្វាគមន៍ថែមការបំពាក់ក្រមារបស់ខ្មែរជូនភ្ញៀវទេសចរទាំងនោះ អមដោយការសម្ដែងក្រុមសិល្បៈជូនភ្ញៀវអន្តរជាតិទទស្សនាថែមទៀតផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ នៅក្នុងវិបត្តិកូវីដ១៩ នាវាទេសចរណ៍ Westerdam បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានប្រទេសទាំងនោះបដិសេធមិន ដោយខ្លាចមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។
តែនៅគ្រានោះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់៕










