សហរដ្ឋអាមេរិក ៖ គេហទំព័រ indy100.com រាយការណ៍ថា មាននារីម្នាក់បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok ហើយនិយាយថា នាងបានដាក់ពាក្យបណ្តឹងឪពុក-ម្តាយរបស់ខ្លួននៅតុលាការ ដោយចោទប្រកាន់ថា ពួកគាត់បានផ្តល់កំណើតឱ្យនាង ដោយពុំទទួលបានការយល់ព្រមពីនាងជាមុន ។ ចុងក្រោយ នាងក៏បានឈ្នះក្តី ហើយតុលាការបានសម្រេចឱ្យឪពុក-ម្តាយផ្តល់ប្រាក់ឧបត្ថម្ភឱ្យនាងជារៀងរាល់ខែ ។
នារីរូបនេះឈ្មោះ Kass Theaz និងបានដាក់ឈ្មោះក្នុង TikTok ថា @isatandstared និយាយថា នាងបានដាក់ពាក្យបណ្តឹងឪពុក-ម្តាយរបស់ខ្លួន ដែលធ្វើឱ្យនាងកើតមក ហើយនាងឈ្នះក្តីនៅតុលាការផងដែរ ។ នាងបន្តថា បច្ចុប្បន្ន នាងទទួលបានប្រាក់ឧបត្ថម្ភពីឪពុក-ម្តាយ ចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ ។
ហេតុការណ៍នេះបានកើតឡើងតាំងពីឆ្នាំ២០២២ ដោយនារីខាងលើបានបង្ហោះវីដេអូមួយនិយាយថា នាងមិនបានសុំឪពុក-ម្តាយផ្តល់កំណើតឱ្យនាងទេ ។ ដូច្នេះ នាងបានសម្រេចចិត្តប្តឹងពួកគាត់ដែលផ្តល់កំណើតឱ្យនាង ដោយពុំបានសួរនាំនាង១ម៉ាត់សោះ ។
ក្រោយពីនាងបានបង្ហោះវីដេអូរួចមក អ្នកលេងបណ្តាញសង្គមជាច្រើននាក់នៅអាមេរិករិះគន់ថា នាងពុំគួរទទួលបានប្រាក់ពីឪពុក-ម្តាយទេ ពីព្រោះពួកគាត់រកប្រាក់នេះទាំងការនឿយហត់ ។ ប៉ុន្តែនាងឆ្លើយថា ៖ «ខ្ញុំពុំបានសុំមករស់នៅទីនេះទេ ហើយខ្ញុំក៏ពុំបានសុំមកកើតជាមួយពួកគាត់ដែរ ។ ដូច្នេះ ខ្ញុំមិនគួរត្រូវបង្ខំឱ្យធ្វើការងារអ្វីទេ ។ ខ្ញុំគ្មានជម្រើសថា នឹងពុំកើតមកទេ ទើបខ្ញុំព្យាយាមប្តឹងឪពុក-ម្តាយ ដែលផ្តល់កំណើតឱ្យខ្ញុំដោយគ្មានការអនុញ្ញាត» ។
ចុងក្រោយ នាងក៏បានឈ្នះក្តីនេះ ហើយតុលាការបានកាត់ក្តីឱ្យឪពុក-ម្តាយផ្តល់ប្រាក់ឱ្យនាងចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់ឱ្យនាងចំណាយលើផ្នែកផ្សេងៗ ដូចជា ៖ ម្ហូបអាហារ, កន្លែងស្នាក់នៅ, សម្លៀកបំពាក់ និងសម្ភារៈជាច្រើនទៀត ។
នារីឈ្មោះ Kass Theaz និយាយថា ៖ «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំឈ្នះក្តីហើយ ។ ឪពុក-ម្តាយពុំបានធ្វើឱ្យខ្ញុំកើតមកជាថ្មីទេ តែខ្ញុំបានទទួលប្រាក់ពីពួកគាត់ជំនួសវិញ ។ ប្រាក់នេះសម្រាប់ឧបត្ថម្ភការចំណាយប្រចាំខែរបស់ខ្ញុំ ។ ខ្ញុំបានសម្រេចចិត្តធ្វើការងារឱ្យពួកគាត់ ហើយការងារនោះ គឺខ្ញុំបានកើតមកជាកូនពួកគាត់» ។
នារីរូបនេះបន្តថា ៖ «ពួកគាត់ត្រូវតែទទួលខុសត្រូវលើជីវិតខ្ញុំជារៀងរហូត ។ ខ្ញុំទទួលបានប្រាក់ចំនួន៥.០០០ដុល្លារអាមេរិកក្នុង១ខែ ហើយខ្ញុំអាចធ្វើការងារផ្សេងទៀតដោយខ្លួនឯងបាន ប្រសិនបើខ្ញុំត្រូវការប្រាក់បន្ថែមទៀតដើម្បីចំណាយលើការងារចាំបាច់» ។
បើទោះជាគ្មានភស្តុតាងបញ្ជាក់ថា នាង Kass Theaz បានឈ្នះក្តីនៅតុលាការ ឬគ្រាន់តែជាការលើកឡើងដើម្បីឱ្យល្បីល្បាញក្នុងបណ្តាញសង្គម ប៉ុន្តែវាបានក្លាយជារឿងមួយធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅអាមេរិកជជែកគ្នាយ៉ាងខ្លាំង ៕










