ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីរថយន្ត Hammer បើកបុកមនុស្សបាត់បង់ជីវិតចំនួន០២នាក់ (ម្តាយនិងកូន) ប្តីរងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្ស បណ្ដាលឱ្យបាត់បង់ជីវិតនេះ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងចាប់ខ្លួនឱ្យខាងតែបាន។
សូមជម្រាបថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាល់ម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុក ម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង៕









