គេហទំព័រ usnews បានចាត់ចំណាត់ថ្នាក់ប្រទេសល្អបំផុតនៅលើពិភពលោក តាមរយៈការវាយតម្លៃទៅលើគុណភាពជីវិត, ការប្រកបអាជីវកម្ម, មរតកវប្បធម៌ និងឥទ្ធិពលនៅលើពិភពលោក ។ យោងតាមការវាយតម្លៃលើកត្តាផ្សេងៗបង្ហាញថា ប្រទេសស្វីសបានជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ ចំណែកប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី២៩ ក្នុងចំណោម៨៧ប្រទេសដែលល្បីល្បាញផ្នែកទេសចរណ៍ ។
ប្រទេសល្អបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣ មានចំនួន៥ រួមមាន ៖
១-ប្រទេសស្វីស ៖ ប្រទេសនេះមានទំហំតូច និងពោរពេញទៅដោយធម្មជាតិដ៏ស្រស់ស្អាត ព្រមទាំងប្រកាន់អព្យាក្រឹតអស់រយៈពេលយ៉ាងយូរ ។ បើតាមប្រវត្តិសាស្ត្របង្ហាញថា ការកសាងប្រទេសស្វីសកើតឡើងដោយសារការសាមគ្គីគ្នា និងក្លាយជាប្រទេសឯករាជ្យ, មានសន្តិសុខ និងអភិវឌ្ឍន៍រីកចម្រើន ។ លើសពីនេះ សេដ្ឋកិច្ចស្វីសមានភាពរឹងមាំ, អត្រាគ្មានការងារធ្វើទាប រីឯពលរដ្ឋមានជំនាញខ្ពស់ ។
២-ប្រទេសកាណាដា ៖ ជាប្រទេសមានទំហំធំទូលាយ ធម្មជាតិស្រស់ស្អាត ហើយពលរដ្ឋកាណាដាមានភាពរួសរាយរាក់ទាក់ ។ ប្រទេសកាណាដាមានការរស់នៅចម្រុះ ប៉ុន្តែបានប្រឈមនឹងការរួបរួមក្នុងសង្គមមានលក្ខណៈខុសគ្នា ដូចជា ៖ ជាតិសាសន៍, វប្បធម៌ និងភាសា ។ កាណាដា គឺជាទឹកដីសិល្បៈ, ប្រវត្តិសាស្ត្រ ខណៈកាណាដាមានប្រព័ន្ធគ្រប់គ្រងប្រទេសរួមគ្នារវាងលទ្ធិប្រជាធិបតេយ្យ និងរបបរាជានិយម ។
៣-ប្រទេសស៊ុយអែត ៖ ប្រទេសនេះមានប្រវត្តិសាស្ត្រយូរអង្វែង, ធម្មជាតិស្រស់ស្អាត និងសង្គមប្រកបដោយគុណភាព ។ ប្រទេសនេះអាចផ្លាស់ប្តូរពីទឹកដីសមរភូមិមកជាប្រទេសមានសន្តិភាព, គោរពសិទ្ធិមនុស្ស, ប្រព័ន្ធសុខុមាលភាពល្អ និងមានការយកចិត្តទុកដាក់ជាមួយបរិស្ថាន ។ ហេតុនេះ ស៊ុយអែតបានក្លាយជាប្រទេសគំរូមួយដែលគួរឱ្យកោតសរសើរ ។
៤-ប្រទេសអូស្ត្រាលី ៖ ជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានវប្បធម៌រួមផ្សំគ្នារវាងជាតិសាសន៍ជាច្រើន និងមានសេដ្ឋកិច្ចរឹងមាំ ។ ពលរដ្ឋអូស្ត្រាលីភាគច្រើនមានអាយុវែង, មានការយល់ដឹងពីបញ្ហាបរិស្ថាន ហើយពួកគេគាំទ្រការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ។ ចំណែកទីក្រុងធំៗរបស់អូស្ត្រាលីបានជាប់ចំណាត់ថ្នាក់ជាទីក្រុងគួរឱ្យចង់រស់នៅលើពិភពលោក ។
៥-សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកមានភាពរឹងមាំផ្នែកសេដ្ឋកិច្ច, កងទ័ព, វប្បធម៌, ប្រព័ន្ធផ្សព្វផ្សាយផ្នែកកម្សាន្តល្បីល្បាញ ហើយអាមេរិកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសផ្សេងៗលើពិភពលោក ។ អាមេរិកល្បីល្បាញផ្នែកសេដ្ឋកិច្ច, បច្ចេកវិទ្យា និងធនធានធម្មជាតិ ខណៈប្រទេសនេះមានភាពចម្រុះផ្នែកជាតិសាសន៍ និងវប្បធម៌ ។
ចំណែកប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី២៩ ក្នុងចំណោមប្រទេសចំនួន៨៧ ។ ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសដែលមានភាពល្បីល្បាញផ្នែកទេសចរណ៍ និងទទួលបានការពេញនិយមពីភ្ញៀវទេសចរនៅលើពិភពលោក បើទោះជាប្រាក់ចំណូលបានពីវិស័យទេសចរណ៍ ស្មើត្រឹមតែ៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្តី ៕










