ប្រទេសចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD មានគោលបំណងចង់លក់រថយន្តចំនួន ៣០,០០០ គ្រឿងនៅក្នុងប្រទេសជប៉ុននៅឆ្នាំ ២០២៥ ដើម្បីក្លាយជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសនេះ។
យោងតាមគេហទំព័រអន្តរជាតិ Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា ផែនការរបស់ BYD មានមហិច្ឆតាខ្លាំងនៅពេលដែលប្រទេសជប៉ុនប្រៀបដូចជាបន្ទាយមួយប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តបរទេស មានន័យថា ក្រុមហ៊ុនផលិតក្នុងស្រុករបស់ប្រទេសជប៉ុនបច្ចុប្បន្នមានចំណែកទីផ្សារច្រើនជាង ៩០% ហើយទីផ្សាររថយន្តបរទេសដែលនាំចូល ឬផលិតនៅប្រទេសនេះគឺមានតិច ខណៈដែលប្រទេសជប៉ុនគាំទ្រផលិតផលរបស់ខ្លួនច្រើនជាង។
ទោះជាយ៉ាងណាក៏ដោយ កាលពីខែតុលា ក្រុមហ៊ុន BYD បានចូលរួមក្នុងការតាំងបង្ហាញរថយន្តអគ្គិសនីនៅទីក្រុងតូក្យូ និងបានណែនាំរថយន្ត SUV YangWang U8 ដល់អតិថិជនជប៉ុន រួមទាំងអញ្ជើញឈ្មួញជាច្រើននាក់មកពីទូទាំងប្រទេសជប៉ុនមកចូលរួមកិច្ចប្រជុំឯកជននៅសណ្ឋាគារមួយក្នុងទីក្រុងតូក្យូ ដែលជាកន្លែងបង្ហាញពីយុទ្ធសាស្ត្ររបស់ BYD នៅក្នុងទីផ្សារនេះអស់រយៈពេលជាងមួយម៉ោង។ បន្ទាប់មកមិនយូរប៉ុន្មាន BYD របស់ចិនក៏បានចូលទៅក្នុងទីផ្សារជប៉ុន ហើយក៏បាននាំយករថយន្តចំនួន ៣ ម៉ូដែលគឺ Seal, Dolphin, និង Atto 3 ទៅលក់ក្នុងប្រទេសជប៉ុនផងដែរ។
ហេតុនេះហើយ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានធ្វើការវិនិយោគ ៥០ នៅតំបន់ផ្សេងៗគ្នាក្នុងប្រទេសជប៉ុន រួមទាំងហាងបណ្តោះអាសន្នផងដែរ។ នៅពេលគេសួរថា ហេតុអ្វីបានជា BYD មានបំណងវិនិយោគយ៉ាងច្រើននៅក្នុងទីផ្សារដ៏លំបាកដូចជាប្រទេសជប៉ុន? លោក Liu Xueliang ដែលជាប្រធានក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុននឹង “យកអ្វីដែលខ្លួនបានរៀននៅក្នុងប្រទេសជប៉ុន ហើយផ្សព្វផ្សាយវានៅទូទាំងអាស៊ី និងពិភពលោក”។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ BYD បានចែកចាយរថយន្តអគ្គិសនីជាង ២.៦៨ លានគ្រឿងទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាមានគោលដៅចែកចាយឈានដល់ ៣ លានគ្រឿងនៅឆ្នាំក្រោយ។ ដូច្នេះការនាំចេញបានកើនឡើង ១៤៩% នៅក្នុងខែវិច្ឆិកា ដែលមានរថយន្តចំនួន ២០៦,៦៧៩ គ្រឿងចេញទៅក្រៅប្រទេស បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានរថយន្តចំនួន ៣០,៦២៩ គ្រឿងប៉ុណ្ណោះដែលបាននាំចេញទៅក្រៅប្រទេស៕










