អ្នកនាង ស្រួង ភាវី ដែលត្រូវបានគេស្គាល់ថាជាស្រ្តីខ្មែរ ម្ចាស់មេដៃសម្រិតលេខ៣លំដាប់ថ្នាក់អន្តរជាតិ នៃការប្រកួតកីឡាស្នូកឃ័រជើងឯកពិភពលោក ព្រមទាំងជាអ្នកមានឈ្មោះបោះសំឡេងនៅក្នុងសង្គមខ្មែរមួយរូបដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងគឺតែងតែលេចវត្តមាននៅក្នុងមូនិធិនិងគម្រោងសប្បុរសធម៌ធំៗជាច្រើននៅក្នុងសង្គមខ្មែរ។
ទឹកចិត្តស្រលាញ់ជាតិមាតុភូមិ គឺបានជំរុញឲ្យអ្នកនាងខិតខំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីលើកតម្កើនមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ធ្វើឲ្យពិភពលោកបានឃើញពីជាតិសាសន៍ខ្មែរដ៏មានកិត្យានុភាព ក៏ដូចជាលើកកម្ពស់ស្ត្រីខ្មែរជាតំណាងស្ត្រីទាំងអស់លើសកលលោក តាមរយៈការបង្ហាញសមត្ថភាពរបស់អ្នកនាងរហូតទទួលបានរង្វាន់លំដាប់ថ្នាក់ពិភពលោកបែបនេះ។
ម៉្យាងវិញទៀត វត្តមានរបស់អ្នកនាងពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន តាមរយៈការចែករំលែកនូវសារលើកទឹកចិត្តផ្សេងៗរបស់អ្នកនាងទៅកាន់សាធារណៈជន ក៏ដូចជាបានចូលរួមយ៉ាងសកម្មតាមរយៈការជួយជាជំនួយមនុស្សធម៌ផ្សេងៗទៅកាន់ប្រជាពលរដ្ឋខ្មែរដែលទីទាល់ក្រគ្រប់រូប។
កាលពីពេលថ្មីៗនេះ អ្នកនាងបានដាក់បង្ហោះនូវរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គមហ្វេសបុក។ នៅក្នុងរូបនោះផងដែរគឺឃើញថា អ្នកនាងកំពុងឈរនៅពីមុខផ្ទះរបស់ខ្លួនឯង ដែលមើលទៅសភាពផ្ទះហាក់ដូចជាផ្ទះឈើធម្មតាមួយប៉ុណ្ណោះ ទាំងដែលខ្លួនគឺជាម្ចាស់មេដៃអន្តរជាតិនិងជាតំណាងមូលនិធិធំៗមួយរូបដែរ។ អ្នកនាងក៏បានធ្វើការរៀបរាប់អមជាមួយនឹងរូបថតមួយសន្លឹកនោះយ៉ាងមានមោទនភាពថា «គេសួរខ្ញុំថា ផ្ទះភាវីប៉ុនណា? ខ្ញុំប្រាប់ថា ផ្ទះខ្ញុំប៉ុណ្ណឹង ! គេសួរទៀតថា ឃើញតែដើរចែកអំណោយ ផ្ទះប៉ុណ្ណឹងទេ? ខ្ញុំតបថា ផ្ទះប៉ុណ្ណឹងហើយចង់បានប៉ុនណាទៀត? ថ្ងៃមួយនោះ ខ្ញុំសួរឪពុកខ្ញុំថា ខ្ញុំផ្អាកធ្វើកិច្ចការសប្បុរសធម៌ធំៗ យកលុយមកធ្វើផ្ទះឱ្យធំជូនពុកម៉ែវិញ? ឪពុកខ្ញុំឆ្លើយថា ជាង៤០ឆ្នាំហើយពុកនៅផ្ទះនេះ ហើយចិញ្ចឹមកូនទាំងអស់គ្នាបានធំធាត់ ឱ្យបានរៀនសូត្រ រៀបចំកូនៗឱ្យមានគ្រួសារ និងមានជីវភាពសមល្មមអាចចូលក្នុងសង្គមគេបាន។ ពុកគិតថា ផ្ទះយើងប៉ុណ្ណេះអាចឱ្យពុកនិងម៉ែឯង ស្នាក់អាស្រ័យនៅបានរហូតដល់៣០ ៤០ឆ្នាំទៀតដោយគ្មានបញ្ហាឡើយ។ កូនឃើញហើយផ្ទះដែលតូចជាងយើងមានច្រើនណាស់ ដូច្នេះយើងគិតតែពីធ្វើផ្ទះវីឡាសម្រាប់ខ្លួនឯង តើមានពេលឯណាទៅជួយធ្វើផ្ទះប្រជាជនដែលកំពុងតែលំបាកជាងយើងរាប់សិបដងបាន»។
តាមរយៈសារដែលបានរៀបរាប់ខាងលើនេះ បានធ្វើឲ្យមហាជនកោតសរសើរនិងស្ញប់ស្ញែង នូវទឹកចិត្តរបស់គ្រួសារអ្នកនាងជាពន់ពេក ដោយបានលើកឡើងថាដោយសារឪពុកម្តាយមានទឹកចិត្តដ៏ប្រពៃបែបនេះហើយ ទើបធ្វើកូនៗដើរតាមគន្លងដ៏ល្អបែបនេះ។ បើទោះបីជា សង្គមបច្ចុប្បន្ននេះគេវាយតម្លៃតែលើសំបកក្រៅ និងសំញែងគ្នាឲ្យឃើញពីភាពមានបានរបស់ខ្លួនម្នាក់ៗ ក៏គ្រួសារនេះនៅតែអះអាងថានឹងជួយសង្គមឲ្យបានប្រសើរឡើងជានិច្ច ព្រោះថាបើខ្លួនរស់នៅសុខសប្បាយ ខណៈមិនបានជួយមនុស្សជាច្រើនដែលលំបាកជាងខ្លួនរាប់សិបដងនោះ មិនមែនជាក្តីសុខពិតប្រាកដនោះទេ។ ដោយហេតុថា ក្តីសុខពិតប្រាកដមិនមែនជាក្តីសុខផ្ទាល់ខ្លួនទេ ប៉ុន្តែគឺជាការដែលសង្គមបានប្រសើរឡើង។ សង្គមប្រសើរឡើងបានទាល់តែមានវប្បធម៌នៃការចែករំលែក ការស្រលាញ់ ការចេះជួយយកឧស្សាហរគ្នាក្នុងគ្រាទុក្ខលំបាក ដែលទាំងនេះហើយគឺជាគំរូ ប្រជាជនខ្មែរគ្រប់រូបគួរតែយកតម្រាប់តាមគ្រួសារអ្នកនាងស្រួង ភាវី ដើម្បីឲ្យសង្គមទទួលបាននូវភាពសុខដុមរម្យជាដរាបតរៀងទៅ៕













