មិនត្រឹមតែកញ្ញា ស៊ីន យូប៊ីន ចូលរួមកម្មវិធីនៅប្រទេសចិនពាំនាំអត្តសញ្ញាណជាតិប៉ុណ្ណោះទេ តែលោក ខាត់ វៃហាំង ក៏បានលើកយកព្រះកេសខ្មុក ទង់ជាតិខ្មែរ ឌីហ្សាញនៅក្រវាត់ យកទៅបង្ហាញជនជាតិបរទេសដូចគ្នា ខណៈការនាំយករបាំងមុខល្ខោនខោលទៅចិននេះមិនមែនជារឿងងាយស្រួលនោះទេ។
លោក ខាត់ វៃហាំង រួមទាំងគូស្នេហ៍កញ្ញា ស៊ីន យូប៊ីន បានចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិននៅសៀកមិន ខេត្តហ្វុចូវ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៣។ កញ្ញា យូប៊ីន បានលើកយកសំលៀកបំពាក់ពីរឈុតសុទ្ធតែបង្កប់អត្ថន័យមួយបង្ហាញពីយ័ន្តខ្មែរទិសទាំង៥ មួយទៀតបង្ហាញពីតួអង្គរឿងរាមកេរ្តិ៍នៅក្នុងល្ខោនស្រមោលស្បែកធំ។ ចំណែកឯលោក ខាត់ វៃហាំង វិញបាននាំយកខ្មុកទៅចូលរួមកម្មវិធីខាងលើនេះខណៈលោកបង្ហើបថាមិនមែនជារឿងងាយស្រួលនោះទេ។
តាមការបញ្ជាក់របស់តារាសម្តែង ខាត់ វៃហាំង នៅលើបណ្តាញសង្គមនាថ្ងៃទី២២ ធ្នូ នេះបានឱ្យដឹងថា «វាមិនមែនជាការងាយស្រួល ដែលត្រូវយកព្រះកេសខ្មុកទៅតាម តែខ្ញុំត្រូវតែធ្វើព្រោះវាជាកាតព្វកិច្ចរបស់ខ្ញុំ បង្ហាញអោយគេស្គាល់នូវអ្វីដែលជារបស់យើង។ ទោះបីមានតែមនុស្សម្នាក់មកឈរមើលខ្ញុំ ក៏ខ្ញុំពេញចិត្តនឹងបង្ហាញ»។
ជាមួយគ្នានេះ លោកក៏បានសូមអភ័យទោសជាមុន ចំពោះភាពមិនល្អឥតខ្ចោះ នៃការច្នៃប្រឌិត បុរាណ សម័យ ទៅកាន់មហាជនផងដែរ។ ទន្ទឹមនឹងយកខ្មុក របាំងមុខរបស់ល្ខោនខោលចូលរួមកម្មវិធីអន្តរជាតិប៉ុណ្ណោះទេ តែក្រវាត់ករបស់ ខាត់ វៃហាំង ក៏បានច្នៃមានរូបទង់ជាតិខ្មែរផងដែរ។
ការមិនភ្លេចលើកស្ទួយអត្តសញ្ញាណជាតិរបស់គូស្នេហ៍មួយគូនេះបានធ្វើឱ្យមហាជនពេញចិត្តនិងកោតសរសើរយ៉ាងខ្លាំងសូម្បីផលិតករ ហ៊ុយ យ៉ាឡេង ក៏បានលើកសរសើរដូចគ្នា។
លោក ហ៊ុយ យ៉ាឡេង បានសរសេរនៅលើបណ្តាញសង្គមដែរថា ស៊ីន យូប៊ីន និង ខាត់វៃហាំង កំពុងដើរលើវិថីតារាលំដាប់អន្តរជាតិហើយ ហើយតែងតែតំណាងឱ្យតារាកម្ពុជាដែលបរទេសលាន់មាត់ថាវ៉ាវ។ ក្នុងនាមលោកជារៀមច្បង លោកសូមកោតសរសើរនិងសូមផ្តល់កម្លាំងចិត្តឱ្យអ្នកទាំងពីរធ្វើសកម្មភាពបង្ហាញថាយើងជាខ្មែរបែបនេះតទៅទៀត៕











