កាលពីពេលថ្មីៗនេះ Park Yoochun ដែលជាតារាល្បីមួយរូបត្រូវបានរាយការណ៍ថាបានបែកគ្នាជាមួយមិត្តស្រីជនជាតិថៃ និងធ្លាយដំណឹងថាលោកគេចពន្ធមិនបង់ប្រាក់ជូនរដ្ឋាភិបាលរាប់ម៉ឺនដុល្លារ ខណៈបញ្ហាមិនទាន់ដោះស្រាយនៅឡើយស្រាប់តែតារាប្រុសរូបនេះត្រៀម រៀបចំកម្មវិធីអាហារពេលល្ងាចនៅប្រទេសជប៉ុនជាមួយអ្នកគាំទ្រដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមកូរ៉េរិះគន់លោកបន្ថែមទៀត។
តាមប្រភពព័ត៌មានពី allkpop នៅថ្ងៃទី១៩ ធ្នូ Park Yoochun កំពុងរៀបចំជួបអ្នកគាំទ្រនៅប្រទេសជប៉ុន ដោយចាប់ផ្ដើមការជួបអ្នកគាំទ្ររួមជាមួយកម្មវិធីអាហារពេលល្ងាច។ ការរៀបចំនេះធ្វើឡើងអបអរសាទរខួបលើកទី ២០ របស់ខ្លួនចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងវិថីសិល្បៈ។ Park Yoochun នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រដែលមានឈ្មោះថា ‘Re.birth’ នៅថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅថ្ងៃទី ១១ ខែកុម្ភៈ លោកនឹងរៀបចំកម្មវិធីអាហារពេលល្ងាចមួយដែលមានចំណងជើងថា ‘ចង្វាក់បេះដូងមួយ’ ។ ក្រុមរបស់ Park Yoochun បានប្រកាសថា “ព្រឹត្តិការណ៍នៅក្នុងប្រទេសជប៉ុនត្រូវបានសម្រេចចិត្តដើម្បីរំលឹកខួបលើកទី ២០ នៃការបង្ហាញខ្លួនដំបូងរបស់ Park Yoochun” ។
អ្នកគាំទ្រតារារូបនេះបានបន្ថែមថា “ពួកយើងនឹងពេញចិត្តចំពោះភាពរីករាយនៃការជួបជុំជាមួយអ្នកគាំទ្រនៅប្រទេសជប៉ុន ហើយសន្យាថានឹងបង្ហាញនូវឆាកមួយដែលអាចមើលឃើញនៅពេលនេះ ដែលជានិមិត្តរូបនៃការរួបរួមនៃបេះដូងរបស់ Yoochun ជាមួយនឹងអ្នកគាំទ្រ”។
កម្មវិធីជួបជុំអ្នកគាំទ្រដែលនឹងប្រព្រឹត្តទៅ គឺមានតម្លៃប្រហែល ១៥៥ ដុល្លារ និង ៣៥៥ ដុល្លារ។
គួរបញ្ជាក់ថា បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ ខែជាមួយនឹងការព្យួរទោសរយៈពេល ២ ឆ្នាំសម្រាប់ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនក្នុងឆ្នាំ ២០១៩ តារារូបនេះបានចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តប៉ុន្តែនៅតែបន្តនៅក្នុងភ្នែកសាធារណជនដោយសារតែបញ្ហាផ្សេងៗ។ កាលពីពេលថ្មីៗនេះ លោកមានជម្លោះរឿងស្នេហា និងបែកបាក់ជាមួយនារីជនជាតិថៃម្នាក់ ដែលជាកូនមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងបញ្ហាគេចពន្ធនូវទឹកប្រាក់ប្រហែល ៣៨០,០០០ ដុល្លារអាម៉េរិក។ ជាពិសេសសកម្មភាព Park Yoochun ក្នុងការបន្តកម្មវិធីជួបអ្នកគាំទ្រ និងកម្មវិធីអាហារពេលល្ងាចដោយមិនដោះស្រាយជម្លោះគេចពន្ធបាននាំឱ្យមានការរិះគន់កើនឡើង៕










