ប្រទេសចិន ៖ សារព័ត៌មានចិនរាយការណ៍ថា ក្រុមហ៊ុនរថភ្លើងចិន សាខាគុនមីង បានបង្ហាញទិន្នន័យចុងក្រោយថា រថភ្លើងឆ្លងកាត់ប្រទេសចិន និងវៀតណាម បានដឹកជញ្ជូនទំនិញស្មើចំនួន១លាន៦សែន៨ម៉ឺនតោន ស្មើជាង៤០.២៦០ជើង ដែលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។
ផ្លូវរថភ្លើងតភ្ជាប់រវាងប្រទេសចិន និងវៀតណាម បានកសាងឡើងនៅឆ្នាំ១៩១០ ។ ផ្លូវរថភ្លើងនេះមិនត្រឹមតែតភ្ជាប់រវាងប្រទេសចិនជាមួយវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានតភ្ជាប់ប្រទេសចិនជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។
ក្រោយពីមានការពិភាក្សាគ្នាជាច្រើនលើក សេវាកម្មរថភ្លើងដឹកជញ្ជូនទំនិញបានចាប់ផ្តើមដំណើរការ កាលពីខែធ្នូ ឆ្នាំ២០១៧ ដែលបានធ្វើដំណើរពីតំបន់ខាយួន ខេត្តយូណាន ស្ថិតនៅភាគនិរតីប្រទេសចិន ទៅកាន់ទីក្រុងឆ្នេរសមុទ្ររបស់វៀតណាមឈ្មោះ ហៃហ្វុង ។
ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង គឺដើម្បីបំពេញតម្រូវការទិញទំនិញកើនឡើង ហើយទំនិញដែលគេដឹកជញ្ជូនតាមរថភ្លើងនេះមានច្រើនប្រភេទ ដូចជា ៖ ជីគីមី, ធ្យូងថ្ម និងទុយោដែក ។ នៅឆ្នាំ២០២៣ នេះ ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងរវាងប្រទេសចិន និងវៀតណាម កាន់តែពេញនិយមខ្លាំងឡើង ។ រីឯបរិមាណការដឹកជញ្ជូនទំនិញរវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលស្មើជាមធ្យមចាប់ពី២ជើង ដល់៤ជើងក្នុង១ថ្ងៃ ។
របាយការណ៍បញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធគ្រប់គ្រងការងាររបស់ការិយាល័យគយនៅខេត្តយូណាន បានដំណើរការយ៉ាងមានប្រសិទ្ធភាព ។ ហេតុនេះ វាធ្វើឱ្យបរិមាណការនាំចូល និងនាំចេញទំនិញ កើនឡើង៥១,៣% ខណៈតម្លៃការនាំចេញសរុប កើនឡើង២១,៨% ៕ ប្រភព ៖ TV5HD Online










