ប្រទេសបារាំង ៖ អាជ្ញាធរបារាំងបានបង្កើនការជួសជុលព្រះវិហារចាស់មួយឈ្មោះ «Notre Dame» ឱ្យបានរួចរាល់ ដើម្បីឱ្យព្រះវិហារនេះបើកដំណើរឡើងវិញនៅឆ្នាំ២០២៤ ។ ក្រៅពីការជួសជុលព្រះវិហារ គេឃើញអាជ្ញាធរបានលើកសត្វមាន់ដ៏ធំ១ក្បាលដែលផលិតឡើងពីមាសដាក់នៅលើកំពូលព្រះវិហារនេះ ដើម្បីបង្ហាញទិសដៅខ្យល់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។
ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះចាត់ទុកថា គឺជាការអភិរក្សព្រះវិហារមានអាយុចំណាស់មួយ ខណៈព្រះវិហារនេះបានរងការខូចខាតដោយសារភ្លើងឆេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ។ អាជ្ញាធរបារាំងបញ្ជាក់ថា នឹងបើកដំណើរការព្រះវិហារនេះឡើងវិញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ហ្វីលីប ចន ជាភ្នាក់ងារអភិរក្សព្រះវិហារនិយាយថា ៖ «ការបំពាក់នូវបច្ចេកវិទ្យាសត្វមាន់បង្ហាញផ្លូវ គឺជាការអភិរក្សព្រះវិហារ ដែលគេបានដាក់វានៅលើកំពូលសរសេរមានកម្ពស់៩៦ម៉ែត្រ ។ ដូច្នេះ នៅពេលពលរដ្ឋបារាំង និងមនុស្សគ្រប់គ្នាធ្វើដំណើរឆ្លងកាត់ទីនេះ ពួកគេនឹងមើលឃើញសត្វមាន់ស្រស់ស្អាតយ៉ាងច្បាស់នៅក្រោមកំដៅថ្ងៃ» ។
សត្វមាន់បង្ហាញទិសដៅខ្យល់នេះត្រូវបានផលិតឡើងពីមាស និងទទួលបានការប្រោសព្រំទឹកមន្តពីលោក ឡូរ៉ង អូលរីស គឺជាអាចារ្យប្រចាំទីក្រុងប៉ារីស ក្នុងអំឡុងពេលធ្វើពិធី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីប្រទេសបារាំង លោក អេមម៉ានូអែល ម៉ាគ្រង បានចុះមកត្រួតពិនិត្យការជួសជុលព្រះវិហារ Notre Dame ហើយលោកលើកឡើងថា ការជួសជុលព្រះវិហារនេះនឹងរួចរាល់តាមការកំណត់ ។ យើងនឹងបើកដំណើរការព្រះវិហារឡើងវិញ ក្នុងរយៈពេល១២ខែខាងមុខយ៉ាងពិតប្រាកដ ។
គេត្រូវការកម្មករប្រមាណ៥០០នាក់ក្នុង១ថ្ងៃៗ ដើម្បីបង្កើនការជួសជុលព្រះវិហារ Notre Dame ជាថ្មី ។ នៅដើមឆ្នាំ២០២៤ ក្រុមការងារនឹងចាប់ផ្តើមធ្វើតេស្តការជ្រាបទឹកនៅលើដំបូលព្រះវិហារ បន្ទាប់មក ពួកគេនឹងបំពាក់នូវវត្ថុសិល្បៈ, រូបចម្លាក់ និងសម្ភារៈផ្សេងទៀតដាក់នៅតាមទីតាំងដូចដើមវិញ ៕ ប្រភព ៖ TNN World










