យោងតាមការចេញផ្សាយ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅចុងឆ្នាំនេះ ខេត្តខ្លះនឹងចុះត្រជាក់ដល់១៥អង្សាសេ ជាពិសេសខេត្តនៃទិសឦសាន។

ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យខេត្តមួយចំនួនចុះត្រជាក់ខ្លាំង ដូចខាងក្រោម៖
⁃ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី ១៥-១៦°C
⁃ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី ១៧-១៩°C
⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C
⁃ នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ៕