លោកជំទាវ ហ៊ុន ស៊ីណាត បាននិយាយលើបណ្តាញសង្គមដោយអារម្មណ៍មិនអស់ចិត្តព្រមទាំងបញ្ជាក់ថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែការដែលលោកជំទាវធ្វើជាអ្នកដឹកដៃនេះគឺដើម្បីផ្តល់កិត្តិយសទៅម្ចាស់កម្មវិធីដែលបានអញ្ជើញប៉ុណ្ណោះ។ ការដែលលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកបញ្ជាក់នេះបន្ទាប់ពីមានអ្នកលើកឡើងថាលោកជំទាវ ដឹកដៃកូនកំលោះ កូនក្រមុំម្តងបានចំនួន៤ទៅ៥ម៉ឺនដុល្លារ។
ដូចមហាជនអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថាលោកជំទាវ ហ៊ុន ស៊ីណាត ជារឿយៗបង្ហោះរូបភាពធ្វើជាអ្នកដឹកដៃកូនកំលោះឬកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍រហូត ពេលខ្លះមានថ្ងៃជាន់គ្នាទៀត។ ជាក់ស្តែងកាលពីថ្ងៃទី៣ វិច្ឆិកា លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើជាអ្នកដឹកដៃស្វាមីលោកស្រី ទ្រី ដាណា ហើយនៅថ្ងៃទី២ វិច្ឆិកា លោកជំទាវធ្វើជាអ្នកដឹកដៃនៅសៀមរាបផងដែរខណៈនៅថ្ងៃទី៧ លោកជំទាវក៏បានធ្វើជាអ្នកដឹកដៃតារាចម្រៀង ឃុន វត្ថា។
យ៉ាងណាមិញ ការទទួលបានក្តីស្រលាញ់ពីកូនកំលោះកូនក្រមុំជាច្រើនគូនេះដែល លោកជំទាវ ហ៊ុន ស៊ីណាត បែរជាមានពាក្យសម្តីឌឺដងដោយនិយាយថាលោកជំទាវ ធ្វើជាអ្នកដឹកដៃមួយរោងទទួលបាន៤ទៅ៥ម៉ឺនដុល្លារឯណោះ រហូតលោកជំទាវថាខ្លួនមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃនោះទេ ហើយបើបានដូចនេះខ្លួនក្លាយជាសេដ្ឋីនីហើយ។
លើបណ្តាញសង្គមលោកជំទាវ ហ៊ុន ស៊ីណាត កាលពីថ្ងៃទី១៣ ធ្នូ លោកជំទាវមានប្រសាសន៍ថា «ខ្ញុំចាប់ផ្ដើមយកការច្រៀងបណ្ដើរៗហើយចូលឆ្នាំ២០២៤ ក្នុងខែ ១ បង្ហើយដឹកដៃ៣រោងចូលនិវត្តដឹកដៃ មែនទែនហើយក៏សូមផ្ដាំទៅអ្នកថាខ្ញុំនេះដឹកដៃម៉ារោង ថ្លៃ៤ ៥ ម៉ឺនដុល្លារនោះមកដឹកម្ដងទៅ អស់សំណើចណាស់ខ្ញុំ ដឹកដៃគ្រាន់តែថ្លៃដឹកធ្វើសេដ្ឋនីហើយ»។ លោកជំទាវ បន្តទៀតថា« កុំភ្លេចអ្នកដែលថានោះទៅសួរម្ចាស់ដើមការទៅដឹងហើយ។ ម្យ៉ាងទៀតខ្លួនខ្ញុំផ្ដល់កិត្តិយសឱ្យកូនក្រមុំកូនកំលោះខ្ញុំមិនមែនអ្នកស៊ីឈ្នួលដឹកដៃទេសូមជ្រាប ទាន់!»។
បន្ទាប់ពីលោកជំទាវ ហ៊ុន ស៊ីណាត បកស្រាយខាងលើនេះហើយលោក ឌួង ឆាយ ក៏បានចូលទៅបញ្ចេញមតិដែរថា « អ្នកមីងគុណធម៌ដឹកដៃពិធីអាពាហ៍ពិពាហ៍ពូមីងបងប្អូនគ្រប់គ្នាមិនថានៅខេត្ត រឺ នៅភ្នំពេញ មិនគិតរោងតូច រឺ រោងធំឱ្យតែអ្នកមីងមានសុខភាពល្អគឺលោកជួយដឹកដៃគ្រប់គូដែលលោកស្រលាញ់រាប់អាន។ សូមកុំនិយាយអ្វីបំភ្លើសការពិត បាបកម្មណាស់»។ នៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះលោកជំទាវ ហ៊ុន ស៊ីណាត ក៏ធ្វើជាអ្នកដឹកដៃក្នុងថ្ងៃមង្គលរបស់លោកឌួង ឆាយ ផងដែរ៕










