ប្រទេសហ្វីលីពីន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថា ហ្វីលីពីនបានបញ្ជូនជនជាតិចិនចំនួន១៨០នាក់ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ក្រោយពីជនជាតិចិនទាំងនេះត្រូវបានឃុំខ្លួនក្នុងករណីជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញនៅទីក្រុងម៉ានីល ។
សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលហ្វីលីពីនបានបញ្ជូនជនជាតិចិនចំនួន១៨០នាក់ ដែលគេសង្ស័យថា ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ក្រោយពីពួកគេត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល ។ សារព័ត៌មាននេះរាយការណ៍បន្តថា ជនជាតិចិន, កូរ៉េខាងត្បូង, វៀតណាម និងហ្វីលីពីន បានស្ថិតក្នុងចំណោមមនុស្សជិត៦០០នាក់ ដែលអាជ្ញាធរហ្វីលីពីនបានឃាត់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការកាលពីខែតុលា ឆ្នាំ២០២៣ ។
ប៉ូលិសហ្វីលីពីនបានឆ្មក់ចូលអគារមួយកន្លែងដែលបានចុះឈ្មោះបើកអាជីវកម្មហ្គេមអនឡាញ ប៉ុន្តែគេប្រទះឃើញអគារនេះបានលួចបើកកន្លែងលក់ឧប.ករណ៍សិ.ច, ហាងម៉ាស្សា, បន្ទប់ខារ៉ាអូខេ និងភោជនីយដ្ឋាន ។ ក្នុងពេលរឆ្មក់ចូលអគារ ប៉ូលិសបានជួយសង្គ្រោះនារីជាច្រើននាក់ ដែលត្រូវគេឃុំខ្លួននៅទីក្រុងម៉ានីលដោយខុសច្បាប់ ។
Gilberto Cruz ជាគណៈកម្មការប្រឆាំងអំពើឧក្រិដ្ឋកម្មបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ៖ «ជនជាតិចិនដែលហ្វីលីពីនបណ្តេញចេញពីប្រទេសនេះ គ្មានលិខិតអនុញ្ញាតធ្វើការទេ ។ ជនបរទេសជាច្រើននាក់ត្រូវបានគេឃាត់ខ្លួន ហើយហ្វីលីពីននឹងបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសវិញនាពេលឆាប់ៗ» ។
មុននេះ សមាជិកព្រឹទ្ធសភាហ្វីលីពីនបានដាស់តឿនថា ប្រទេសហ្វីលីពីនកំពុងក្លាយជាកន្លែងអាជីវកម្មបោកប្រាស់របស់ជនបរទេស ដែលបានចូលមករស់នៅហ្វីលីពីនទាំងស្របច្បាប់ និងខុសច្បាប់ ។
ចំណែកក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងរបាយការណ៍ជួញដូរមនុស្សថា ហ្វីលីពីនមិនអើពើនឹងការស៊ើបអង្កេត ឬកាត់ក្តីឱ្យបានត្រឹមត្រូវទេ ចំពោះករណីជួញដូ.រមនុស្សមកធ្វើការក្នុងប្រទេសនេះ ។ លើសពីនេះ ក៏មានអំពើពុករលួយពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មផងដែរ ដែលធ្វើឱ្យគេកាន់តែបារម្ភពីបញ្ហានេះ ៕ ប្រភព ៖ Thai post










