បរទេស៖ ក្រុមហ៊ុនផ្លូវដែកជាតិហ្វាំងឡង់ (VR) បាននិយាយថា ខ្លួនបានរឹបអូសរថភ្លើងចំនួន ៤ ដែលជាសហកម្មសិទ្ធិនៃការបណ្តាក់ទុករួមគ្នាជាមួយសមភាគីរុស្ស៊ីរបស់ខ្លួនគឺក្រុមហ៊ុនផ្លូវដែករុស្ស៊ី (RZD) ដែលធ្លាប់ធ្វើដំណើររវាងប្រទេសទាំងពីរ ដើម្បីទូទាត់បំណុលដែលមិនទាន់បានបង់។
យោងតាមគេហទំព័រអន្តរជាតិ Daily Maverick ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា រថភ្លើងល្បឿនលឿន Allegro ចំនួន ៤ ត្រូវបានក្រុមហ៊ុនផ្លូវដែកជាតិហ្វាំងឡង់ (VR) រឹបអូសជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយសារតែក្រុមហ៊ុនផ្លូវដែករុស្ស៊ី (RZD) មិនអើពើនឹងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Karelian Trains ។ ក្រុមហ៊ុនហ្វាំងឡង់បាននិយាយថា រថភ្លើងដែលរឹបអូសបាននីមួយៗមានទូរថភ្លើងចំនួន ៧ ហើយពួកគេនឹងប្រើប្រាស់នៅលើផ្លូវវែងៗក្នុងប្រទេសហ្វាំងឡង់ចាប់ពីឆ្នាំ ២០២៥ តទៅ។
រថភ្លើងដឹកអ្នកដំណើររវាងហ្វាំងឡង់ និងរុស្ស៊ីត្រូវបានផ្អាកនៅក្នុងខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការមួយនៅក្នុងអ៊ុយក្រែន។ យោងតាម VR បានឱ្យដឹងទៀតថា ពួកគេមានសិទ្ធិរឹបអូសរថភ្លើងចំនួន ៤ នេះដោយសារតែពួកគេបានសងប្រាក់កម្ចីរបស់ក្រុមហ៊ុន Karelian Trains ដែលជាក្រុមហ៊ុនបណ្តាក់ទុនរវាងរុស្ស៊ីនិងហ្វាំងឡង់ ដែលធ្លាប់ប្រឈមនឹងការក្ស័យធនក្នុងខែមិថុនា ឆ្នាំ ២០២៣។
Karelian Trains ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយ VR និង RZD មានភាគហ៊ុនស្មើគ្នា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Karelian Trains ឥឡូវនេះបានក្លាយជាកម្មសិទ្ធរបស់ហ្វាំងឡង់តែមួយគត់។
បច្ចុប្បន្នទំនាក់ទំនងរុស្ស៊ី និងប្រទេសហ្វាំងឡង់កាន់តែតានតឹងជាងមុន បន្ទាប់ពីប្រទេស Nordic បានចូលរួមជាមួយអង្គការណាតូក្នុងខែមេសា ដោយបោះបង់ចោលគោលនយោបាយរបស់ខ្លួន គ្មានសម្ព័ន្ធភាពយោធារយៈពេលជាច្រើនទសវត្សរ៍។ ហ្វាំងឡង់ក៏បានសាងសង់របងព្រំដែនដ៏រឹងមាំជាមួយរុស្ស៊ីផងដែរ ដោយសារមានការព្រួយបារម្ភថាទីក្រុងម៉ូស្គូអាចប្រើប្រាស់លំហូរជនចំណាកស្រុកដើម្បីដាក់សម្ពាធលើនយោបាយរបស់ខ្លួន៕










