បរទេស៖ ញូវយ៉កជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ ដោយសារតែមានការចំណាយខ្ពស់ក្នុងការណាត់ជួប។
យោងតាមប្រភពព័ត៌មាន New York Post ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូថា ទីក្រុងញូវយ៉កពិតជាកន្លែងដ៏អាក្រក់បំផុតមួយសម្រាប់អ្នកនៅលីវ ដោយសារតែនៅទីនោះគឺមានការចំណាយខ្ពស់ដូចជា មើលកុន ញ៉ាំអាហារនៅភោជនីយដ្ឋាន និងផឹកស្រាតិចតួចក៏ថ្លៃខ្លាំងផងដែរ ដែលនេះធ្វើឱ្យអ្នកនៅលីវពិបាកក្នុងការណាត់ជួបគ្នាព្រោះត្រូវពិចារណាអំពីលុយដែលចំណាយលើការញ៉ាំអាហារ ឬក៏ដើរកម្សាន្តនៅតំបន់នានាជាដើម។
យោងតាមការពន្យល់របស់ WalletHub ក៏បានឱ្យដឹងដែរថា ទីក្រុងញូវយ៉កមានតម្លៃជួលជាមធ្យមខ្ពស់ជាងបីដងនៃទីក្រុងដែលមានតម្លៃជួលថោកបំផុតគឺ Columbia រដ្ឋ Maryland។ ដូច្នេះអ្នកនៅលីវក្នុងទីក្រុងញូវយ៉កប្រហែល ១.៥ លាននាក់ដែលមានអាយុពី ២០-៣៤ ឆ្នាំបានងាកទៅរកកម្មវិធីណាត់ជួបគ្នាតាមអ៊ីនធឺណិតធ្វើឱ្យពួកគេមានពេលវេលាតិចក្នុងការជួបគ្នាខាងក្រៅ។
អ្នកប្រឹក្សាណាត់ជួបសម្រាប់បុរស Blaine Anderson បានធ្វើការស្ទង់មតិជាមួយនឹងអ្នកនៅលីវចំនួន ១,០០០នាក់ ដោយបុរស ៥៣% បាននិយាយថាពួកគេព្រួយបារម្ភអំពីការណាត់ជួបដោយមិនញ៉ាំអាហារ ឬមើលកុន ប៉ុន្តែខ្លាចដៃគូរបស់ពួកគេចាត់ទុកថាជាមនុស្សឈ្លើយ រីឯ ៤៥% នៃបុរសដែលមានអាយុពី ១៨ ទៅ ២៥ ឆ្នាំបានសារភាពថាពួកគេមិនដែលទាក់ទងមនុស្សស្រីទេ។
គួរបញ្ជាក់ដែរថា ញូវយ៉កក៏ត្រូវបានគេចាត់ទុកថាជាទីក្រុងមួយដែលមានមនុស្សតិចណាស់ដែលស្គាល់គ្នា។ នេះបើតាមការស្ទង់មតិចុងក្រោយដោយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី Wallethub បានបង្ហាញថាទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់ ១៤៤ ក្នុងចំណោមទីក្រុង ១៨២ ដែលសមរម្យសម្រាប់ការណាត់ជួប។ ចំណាត់ថ្នាក់នេះគឺផ្អែកលើឱកាស ការចំណាយ និងលក្ខណៈវិនិច្ឆ័យណាត់ជួប។ ដូច្នេះបើនិយាយពីការនៅម្នាក់ឯងគ្មានការណាត់ជួបវិញ ទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់ទី ១៦៧។
ទោះជាយ៉ាងណាក៏ដោយទីក្រុងដែលល្អ និងស័ក្តិសមបំផុតសម្រាប់អ្នកនៅលីវក្នុងការណាត់ជួបនោះគឺទីក្រុង Seattle (វ៉ាស៊ីនតោន) តាមពីក្រោយដោយ Las Vegas (Nevada), Denver (Colorado), Atlanta (Georgia) និង Austin (Texas)៕










