តារាសម្ដែងចិន Dylan Wang តួឯកប្រុសក្នុងរឿង Only For Love ជាមួយតួឯកស្រី Bailu បានរងមតិរិះចំពោះស្ទីលម៉ូតសក់របស់ខ្លួនក្នុងកម្មវិធីបង្ហាញម៉ូត Louis Vuitton ក្នុងទីក្រុងហុងកុង។ តារាប្រុសរូបនេះត្រូវអ្នកលេងបណ្តាញសង្គមថាការធ្វើម៉ូតសក់ក្រងតូចៗដូចនេះដូចជាមិនគោរពដល់វប្បធម៌ជនជាតិស្បែកខ្មៅ។
Dylan Wang ស្ថិតក្នុងចំណោមបញ្ជីតារាកិត្តិយសរបស់ A-listers ដែលបានប្រមូលផ្តុំគ្នាក្នុងកម្មវិធីបង្ហាញម៉ូតដំបូងបង្អស់របស់ Louis Vuitton ក្នុងទីក្រុងហុងកុងដែលមានការចូលរួមប្រមាណ ១,២០០នាក់ រួមទាំង Dylan Wang ក្នុងនាមជាទូតសុឆន្ទៈ Louis Vuitton ខណៈតារាសម្តែង Song Joong Ki និង Felix សមាជិក Stray Kids ក៏មានវត្តមានក្នុងកម្មវិធីនេះដូចគ្នា។
តារាសម្តែងចិនរូបនេះ បានបង្ហោះរូបថត និងវីដេអូរបស់ខ្លួនពីព្រឹត្តិការណ៍នេះនៅលើ Instagram និង Weibo ខណៈពេលដែលអ្នកគាំទ្រមួយចំនួនចូលចិត្តរូបរាងរបស់តួឯកវ័យ២៤ឆ្នាំរូបនេះ ចំណែកអ្នកខ្លះទៀតបានរិះគន់ចំពោះម៉ូតសក់របស់ Dylan Wang ដោយសារតែរូបគេលេងស្ទីលក្រងសក់តូចៗដែលត្រូវធ្វើឱ្យលោករងការចោទប្រកាន់ថាមិនគោរពវប្បធម៌របស់ជនជាតិស្បែកខ្មៅ។ នេះមិនមែនជាលើកទីមួយទេតារាសម្តែងចិនរូបនេះត្រូវបានចោទប្រកាន់ក្នុងរឿងនេះ។
ទោះបីជាទទួលបានការរិះគន់ជាច្រើនអំពីស្ទីលម៉ូតសក់អ្នកគាំទ្ររបស់បានអះអាងថា ចេតនារបស់តារាសម្តែងរូបនេះគឺដើម្បីគោរពដល់ Pharrell Williams សិល្បករអាម៉េរិកដែលជាជានាយកច្នៃប្រឌិតបុរសថ្មីរបស់LV។
ដោយសារតែមានបញ្ហាចម្រូងចម្រាស់លើរឿងនេះ Dylan ក្លាយជាតារាតែម្នាក់គត់ដែលមិនត្រូវបានបង្ហាញនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ LV បន្ទាប់ពីការបង្ហាញម៉ូតក្នុងព្រឹត្តិការណ៍ខាងលើនេះ។
Dylan Wang មានឈ្មោះពិតថា Wang Hedi កើតឆ្នាំ១៩៩៨ ជាអតីតជើងឯកក្នុងកម្មវិធី Super Idol នៅឆ្នាំ២០១៧ បន្ទាប់មកបានក្លាយជាតារាសម្តែងចិនដ៏ល្បីល្បាញបន្ទាប់ពីសម្តែងក្នុងរឿង Meteor Garden ឆ្នាំ២០១៨ ៕










