បាងកក៖ ប៉ូលិសថៃបានគំរាមចាត់វិធានការទៅតាមផ្លូវច្បាប់បន្ទាប់ពីតារាTik Tok ចិនមួយរូប បានបង្ហោះដោយនិយាយថា «ទីក្រុងបាងកកជាទីក្រុងដ៏ល្បីលល្បាញមួយដែរ ប៉ុន្តែការដើរលេងពេលយប់គឺគ្មានសុវត្ថិភាពទាល់តែសោះ។
នាយឧត្តមសេនីយ៍ ផាន់ថាណា នុតចាន់ណាត ស្នងការរងនៃការិយាល័យអន្តោប្រវេសន៍ថៃបាននិយាយថា ពេលនេះប៉ូលីសដឹងពីកន្លែងលាក់ខ្លួនរបស់ស្ត្រីជនជាតិចិន ដែលបានបង្ហោះឃ្លីបអវិជ្ជមានអំពី សូយ ណាណា នៅលើផ្លូវ Sukhumvit ។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍បាននិយាយថា ភ្ញៀវទេសចរចិនពិតមានសិទ្ធិក្នុងបង្ហោះឃ្លីបរិះគន់ថៃ។ យ៉ាងណាមិញ ប៉ូលិសថៃនូវវមិនទាន់បានចាត់វិធានការតាមផ្លូវច្បាប់ចំពោះរូបនាងនៅឡើយនោះទេ ប៉ុន្តែប៉ូលីសនឹងកោះហៅនាងមកសួរចម្លើយ ដើម្បីឲ្យដឹងពីមូលហេតុរបស់នាង។
កាលពីថ្ងៃពុធ ទី៦ ខែធ្នូ នៅលើបណ្តាញសង្គមTik Tok ចិន គឺមាននារីស្រស់ស្អាតម្នាក់ដែលជាតារា Tik Tok មួយរូបដែរបានធ្វើការបង្ហោះឃ្លីបវីដេអូមួយដែលធ្វើឲ្យប្រទេសថៃទាំងមូលមានការខកចិត្តនិងអាប់កិត្តិយសយ៉ាងខ្លាំង ដោយនាងបានបញ្ចេញមតិថា នៅលើផ្លូវ Soi Nana នៃទីក្រុងបាំងកកប្រទេសថៃ គឺគ្មានសុវត្ថិភាពទេចំពោះស្រ្តីដែលមានបំណងដើរលេងយប់ព្រលប់តែម្នាក់ឯង។ នាងបានបន្តទៀតថា ៩៩% នៃមនុស្សនៅផ្លូវ Soi Nana សុទ្ធតែជាមនុស្សពាលទាំងអស់។
កាលពីថ្ងៃទី៧ខែធ្នូនេះ ប៉ូលិសនៅតំបន់នោះក៏បានដាក់បញ្ជូនរបាយការណ៍អំពីករណីនេះទៅកាន់ការិយាល័យប៉ូលិសក្រុង។ នៅក្នុងរបាយការណ៍ ស្ថានីយ៍បានកំណត់អត្តសញ្ញាណស្ត្រីជនជាតិចិននោះថា Ziyu Wang អាយុ 28 ឆ្នាំ ដែលបានមកលេងប្រទេសថៃតាមព្រលានយន្តហោះសុវណ្ណភូមិនាទីក្រុងបាំងកក កាលពីថ្ងៃទី ២ ខែវិច្ឆិកា។
តាមរបាយការណ៍ប៉ូលីសបានដកស្រង់សម្តីស្រីស្អាតជនជាតិចិនដែលនិយាយនៅលើវីដេអូឃ្លីបអំពីហានិភ័យរបស់នាង ដើម្បីព្រមានទៅកាន់ស្ត្រីដទៃទៀតអំពីបញ្ហាប្រឈមនិងភាពភ័យខ្លាច ប្រសិនបើមកលេងផ្លូវសយ ណាណា ប្រទេសថៃនាពេលរាត្រីតែម្នាក់ឯង។
យោងតាមរបាយការណ៍បានបញ្ជាក់ទៀតថា នាងបានទៅលេងនៅផ្លូវសយនោះនៅវេលាម៉ោង 11.30 យប់ ហើយអង្គុយនៅទីនោះមួយភ្លេច ហើយក៏មានមនុស្សចម្លែកម្នាក់មកនិយាយជាមួយនាង។ បន្ទាប់ពីម្នាក់នោះបាននិយាយទៅកាន់នាងរួចមក នាងបានដើរចេញទៅ ហើយនិយាយតាមកាមេរ៉ាថា «នាងអាចត្រូវបានជនបរទេសទាញចេញជាមួយដោយមិនដឹងខ្លួនទៀតផង ប្រសិនបើនាងមិនចេះប្រុងប្រយ័ត្ន»។
បើយោងតាមប្រតិបត្តិករទេសចរណ៍នៅក្នុងប្រទេសបាននិយាយថា ឃ្លីបនេះគឺជាការផ្សព្វផ្សាយអវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍នៃវិស័យទេសចរណ៍របស់ប្រទេសថៃ។ ពួកគេក៏បាននិយាយទៀតថា វិធានការរបស់រដ្ឋាភិបាលថៃក្នុងការលើកលែងទិដ្ឋការសម្រាប់ភ្ញៀវទេសចរណ៍ចិននេះនឹងមិនមានប្រសិទ្ធភាពទេ គឺដោយសារតែការបង្ហោះវិដេអូផ្សព្វផ្សាយអវិជ្ជមានពីរាជាណាចក្រថៃបែបនេះផងដែរ៕










