បរទេស៖ Selena Gomez បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយផលិតករតន្ត្រី Benny Blanco បន្ទាប់ពីនាងរក្សាភាព Single អស់រយៈពេល ៥ ឆ្នាំកន្លងមក។
យោងតាមប្រភពព័ត៌មាន Daily Mail ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែធ្នូថ្មីៗនេះថា តារាចម្រៀងរបស់ពិភពលោកវ័យ ៣១ឆ្នាំរូបនេះ បានបង្ហោះរូបភាពជាមួយលោក Benny Blanco ដែលជាផលិតករតន្ត្រី អាយុ ៣៥ ឆ្នាំម្នាក់នៅលើ Instagram story របស់នាង។
Selena បានបង្ហើបថា “នាងទាក់ទងលោក Benny Blanco កន្លះឆ្នាំមកហើយ គាត់គឺជាអ្វីគ្រប់យ៉ាងនៅក្នុងបេះដូងរបស់នាង ហើយគាត់ជាមនុស្សប្រុសល្អបំផុតដែលមិនធ្លាប់មាន”។
អ្នកទាំងពីរបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយ ហើយក៏បានធ្វើការជាមួយគ្នាផងដែរ។ កាលពីខែកក្កដា លោក Benny ក៏មានវត្តមានក្នុងកម្មវិធីខួបកំណើតគម្រប់ ៣១ ឆ្នាំរបស់តារាចម្រៀងអាមេរិករូបនេះដែរ។ ក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមកនេះ Selena ត្រូវបានជាប់គាំងក្នុងពាក្យចចាមអារ៉ាមស្នេហាជាមួយបុរសជាច្រើននាក់ ប៉ុន្តែតារាចម្រៀងរូបនេះមិនបានធ្វើការបញ្ជាក់នោះទេ។
គួរំលឹកដែរថា Selena Gomez ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ The Weeknd, Justin Bieber, Zedd, និង Nick Jonas ជាដើម។
Selena Gomez ត្រូវបានគេស្គាល់ថាជាតារាចម្រៀដ៏ល្បីល្បាញមួយរូប ហើយក៏ជាតារាសម្តែងដែលធ្លាប់បានចូលរួមក្នុងរឿងភាគទូរទស្សន៍ដូចជា Wizards of Waverly Place, Barney & Friends ។ រីឯអាល់ប៊ុមចម្រៀងរបស់នាងច្រើនតែជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើតារាង Billboard ។ បទចម្រៀងមួយចំនួនរបស់ Selena រួមមាន Lose You to Love Me, Hands to Myself, Good for You…ជាដើម៕










