ទើបតែត្រូវបានអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរកោតសរសើរពីអ្នកចម្រៀងមានចិត្តមោះមុតស្នេហាវិស័យក្បាច់គុនបុរាណខ្មែរ ស្រាប់តែ ឡាច ណុច ជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ បែរជាបែកគំនិតធ្វើជាចោរឆក់ខ្សែ-ក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការបានសម្រេច។
កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន។ ជោគវាសនាមិនល្អ ជនសង្ស័យបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
តាមការបញ្ជាក់របស់ផេកផ្លូវការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងទៀតថាជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដំណឹងនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីដឹងថា ឡាច ណុច បែកគំនិតទៅធ្វើរឿងបែបនេះទាំងមួយរយៈមុនបានទៅហាត់ប្រដាល់ថែមទាំងចង់ប្រកួតជាមួយកីឡាករប្រដាល់ថែមទៀតធ្វើឱ្យអ្នកគាំទ្រពោលសរសើរលោកយ៉ាងខ្លាំងតែត្រូវមកសោកស្តាយពីទង្វើរបស់ ឡាច ណុច មកធ្វើជាចោរឆក់ទៅវិញ។
គួរបញ្ជាក់ថា ឡាច ណុច បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈការប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងរបស់ស្ថានីយទូរទស្សន៍ហង្សមាស Cambodian Idol រដូវកាលទី៤ជំនាន់ជាមួយម្ចាស់ពាន លីម តិចម៉េង ដោយការប្រកួតរបស់គេឈានដល់វគ្គ Live Show សប្តាហ៍ទី៥។ ឡាច ណុច បានទម្លាយថាខ្លួនគេធ្លាប់ហាត់ប្រដាល់តាំងពីក្មេងប៉ុន្តែធំឡើងមានចិត្តស្រលាញ់ខាងវិស័យសិល្បៈវិញ ខណៈទម្លាយពីប្រវត្តិដ៏កំសត់រស់នៅបែកបាក់គ្រួសារផងដែរដែលធ្វើឱ្យមហាជនអាណិតគេសឹងតែគ្រប់គ្នា៕










