Andrea Brillantes តារាសម្តែងហ្វីលីពីនអាយុ ២០ឆ្នាំបានចាប់ផ្តើមក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមបន្ទាប់ពីគូស្នេហ៍ហ្វីលីពីន Daniel Padilla និង Kathryn Bernardo បញ្ជាក់ពីការបែកបាក់របស់ពួកគេនៅលើ Instagram បន្ទាប់ពីមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល១១ឆ្នាំ។ រូបនាងត្រូវគេលើកឡើងថាជនទី៣បំបែកស្នេហារបស់គេកាលពីតូចផ្តើមពីហ្វេនលុះធំឡើងឆក់ឱកាសលើសពីហ្វេនដែលនាំឱ្យមានមតិរិះគន់តារាស្រីនេះយ៉ាងខ្លាំងរហូតដល់អ្នកគាំទ្រជាច្រើនសម្រុក unfollow នាងព្រោងព្រាត។
អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជជែកគ្នាមិនសំចៃបន្ទាប់ពីធ្លាយពាក្យចចាមអារ៉ាមតារាសម្តែង Daniel Padilla បានចាកចេញពីផ្ទះរបស់តារាស្រី Andrea Brillantes អាយុ ២០ឆ្នាំ។ ទោះបីជាមានគម្លាតអាយុ៨ឆ្នាំក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតជឿថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ Kathryn មិនបានបញ្ជាក់ ឬបដិសេធដែលចោទប្រកាន់ពាក្យចចាមអារ៉ាមមានអ្នកទី៣ជ្រែកស្នេហ៍នោះទេ។
យ៉ាងណាមិញបន្ទាប់ពីគូស្នេហ៍ដែលស្រលាញ់គ្នាអស់រយៈពេល១១ឆ្នាំឈានដល់ការប្រកាសបែកគ្នាជាផ្លូវការ Andrea Brillantes ត្រូវបានអូសទាញចូលក្នុងរឿងនេះ ខណៈដែលអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាប់ផ្តើមចោទប្រកាន់តារាស្រីរូបនេះមានទំនាក់ទំនងស្នេហាជាមួយ Daniel ដោយស្រាវជ្រាវរូបភាពចាស់ៗមកជាមួយទៀត។
ទោះបីជាមិនមានភាគីណាមួយទទួលស្គាល់ពាក្យចចាមអារ៉ាមលើបណ្តាញអ៊ីនធឺណិតក៏ដោយ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជឿជាក់យ៉ាងមុតមាំថាការបែកបាក់នេះផ្តើមចេញពី Andrea ។
អ្នកគាំទ្រជាច្រើនបានរិះគន់និងស្តីបន្ទោសតារាស្រីវ័យ២០ឆ្នាំរូបនេះចំពោះការបែកគ្នារបស់គូស្នេហ៍អ្នកផ្សេងទៀត ហើយអ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅខម្មិនសម្រុក unfollow នាងនៅលើគណនី Instagram ៕










