ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយពីដើមចេក១គុម្ព ប៉ុន្តែដើមចេកនីមួយៗបានចេញផ្លែជាច្រើនស្ទង និងធ្វើឱ្យមនុស្សភាគច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។ មនុស្សមួយចំនួនប្រាប់ថា ពួកគេមិនធ្លាប់ឃើញដើមចេកណាចេញស្ទងច្រើនបែបនេះទេ ខណៈអ្នកខ្លះទៀតបានមកអុជធូបសុំលាបសំណាង និងសុំឱ្យសម្រេចបំណងប្រាថ្នាផ្សេងៗ ។

បើតាមព្រះចៅអធិការវត្តធម្មវ៉ារី មានសង្ឃដីកាថា ដើមចេកដែលចេញស្ទងច្រើន និងល្បីល្បាញនេះ បានដុះនៅតាមផ្លូវក្នុងឃុំខៅណយ ស្រុកប្រានបុរី ខេត្តប្រាជួប សិរ៉ីខាន់ ប្រទេសថៃ ។ វាបានដុះនៅក្រៅរបងផ្ទះមួយកន្លែង ប៉ុន្តែអ្វីដែលចម្លែកនោះ គឺដើមចេក១គុម្ព មានដើមចេកចំនួន៣ដើមបានចេញស្ទងច្រើន ក្នុងនោះដើម១ ចេញ២ស្ទង, ដើម១ទៀត ចេញ៣ស្ទង ហើយដើមនៅជិតគ្នានេះ ចេញរហូតដល់៥ស្ទង ។

តាមរយៈការត្រួតពិនិត្យឃើញថា ដើមចេកទាំងនេះបានដុះនៅក្រៅរបងផ្ទះរបស់អ្នកភូមិម្នាក់ ហើយវាជាប្រភេទចេកណាមវ៉ា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាបែកភ្នែកធំៗនោះ ដោយសារមានដើមចេកជាច្រើនដើមបានចេញស្ទងច្រើនជាងដើមចេកទូទៅ ។ តាមធម្មតា ដើមចេក១ដើមអាចចេញផ្លែតែ១ស្ទងប៉ុណ្ណោះ ប៉ុន្តែដើមចេកទាំងនេះបែរជាប្រជែងគ្នាចេញស្ទង ដើមខ្លះ២ស្ទង, ៣ស្ទង និង៥ស្ទង ។ អ្នកមកមើលដើមចេក និយាយដូចៗគ្នាថា វាពិតជាប្លែកខ្លាំងណាស់ ព្រោះពួកគេមិនធ្លាប់បានឃើញបែបនេះមុនមកទេ ។

ចំណែកអ្នករស់នៅក្បែរនេះប្រាប់ថា ខ្លួនបានឃើញចេក១គុម្ពនេះយូរមកហើយ ប៉ុន្តែមិនដឹងថា តើម្ចាស់ផ្ទះ ឬអ្នកផ្សេងទៀតបានយកវាមកដាំនៅក្រៅរបងផ្ទះ ឬយ៉ាងណា ។ នៅពេលចេញផ្លែ ស្រាប់តែធ្វើឱ្យខ្លួនចម្លែកចិត្តជាខ្លាំង ដោយសារវាចេញស្ទងច្រើនពេក ហើយវាចាប់ផ្តើមទុំបណ្តើរៗហើយ ។ រីឯមនុស្សខ្លះទៀតបានមកអុជធូបសូមឱ្យមានសំណាងល្អ ឬសុំលេខឆ្នោតយកទៅផ្សងសំណាង ជាដើម ៕