បរទេស៖ Apple ទើបតែទទួលបានប៉ាតង់ថ្មីសម្រាប់ចិញ្ចៀនឆ្លាតវៃដែលមានមុខងារច្រើន ជំនួសឱ្យការវាស់ស្ទង់សុខភាព ហើយអាចធ្វើអន្តរកម្មជាមួយឧបករណ៍អេឡិចត្រូនិកផ្សេងៗ ក៏ដូចជាអាចដំណើរការលើផ្នែករាងកាយទាំងអស់… ក្រៅពីម្រាមដៃ។
យោងតាមគេហទំព័រ Yahoo News ដែលបានរាយការណ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា Apple មានកម្មសិទ្ធិប៉ាតង់ជាច្រើនទាក់ទងទៅនឹងចិញ្ចៀនឆ្លាតវៃ ដែលបង្ហាញថាបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តោតលើឧបករណ៍នេះយ៉ាងខ្លាំង។ ជាពិសេស ប៉ាតង់ចុងក្រោយបំផុតដែលចេញដោយការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិក បានបង្ហាញថា ផលិតផលនាពេលអនាគតរបស់ Apple ទាំងអស់មិនកំណត់ចំពោះរូបរាងចិញ្ចៀនតែមួយមុខនោះទេ មានន័យថាផលិតផលឆ្លាតវ័យរបស់ Apple ក្រៅពីផលិតចិញ្ចៀនក៏អាចផលិតជា ខ្សែដៃ ខ្សែក ឬខ្សែជើងជាដើម…។
ទោះជាយ៉ាងណាក៏ដោយ នៅពេលពិពណ៌នាអំពីផលិតផល Apple ភាគច្រើនប្រើរូបភាពនៃចិញ្ចៀន។ យោងតាមក្រុមហ៊ុន បានឱ្យដឹងថា ចិញ្ចៀនឆ្លាតវៃមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ជាងឧបករណ៍ដទៃ ដោយសារចិញ្ចៀនអាចពាក់បានពេញមួយថ្ងៃ ហើយតែងតែទាក់ទងដោយផ្ទាល់ជាមួយឧបករណ៍ផ្សេងទៀតដូចជាស្មាតហ្វូនបានយ៉ាងរហ័ស និងងាយស្រួល។ ដូច្នេះ Smart Ring របស់ Apple មានសមត្ថភាពគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាជាច្រើនដូចជា អាចជំនួសប័ណ្ណចូលប្រើអគារនៅពេលរួមបញ្ចូលអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួន អាចបង់ប្រាក់ ឬស្កេន NFC និងស្គាល់ប្រតិបត្តិការគ្រប់គ្រងកាយវិការកាន់តែត្រឹមត្រូវ។
ប៉ុន្តែចំពោះចំនុចខ្សោយរបស់ Smart Ring វិញគឺថាវាមិនមានអេក្រង់បង្ហាញ ខណៈពេលដែលសមត្ថភាពក្នុងការធ្វើអន្តរកម្មជាមួយឧបករណ៍ផ្សេងទៀតអាចនាំឱ្យមានហានិភ័យនៃសុវត្ថិភាពទិន្នន័យឯកជនមិនល្អ។ បន្ថែមពីលើអន្តរកម្ម Apple Ring ក៏អាចវាស់សុខភាពតាមរយៈឧបករណ៍ចាប់សញ្ញារួមបញ្ចូលគ្នាផងដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អាចមើលតែប៉ារ៉ាម៉ែត្រនេះនៅលើ iPhone ឬ iPad ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple តែងតែសង្កត់ធ្ងន់លើបញ្ហាសុវត្ថិភាពទិន្នន័យ ប៉ុន្តែជាមួយនឹង smart rings ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ឧបករណ៍នឹងអាស្រ័យលើបទប្បញ្ញត្តិ ក៏ដូចជាគោលនយោបាយនៅក្នុងតំបន់នៃការប្រើប្រាស់។
គួរបញ្ជាក់ដែរថា ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ត្រូវបានប្រគល់ជូនអ្នកបង្កើតចំនួនបួននាក់ រួមទាំង Travis J McQueen ដែលជាអ្នកជំនាញដ៏ល្បីល្បាញលើឧបករណ៍ភ្ជាប់ជញ្ជាំង ដើម្បីត្រួតពិនិត្យឧបករណ៍ផ្សេងទៀត៕










