ប្រទេសកូរ៉េខាងត្បូង ៖ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មាន BBC រាយការណ៍ថា តុលាការកូរ៉េខាងត្បូងបានកាត់ក្តីឱ្យលោក អ៊ី យ៉ុនសប អាយុ៦៨ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ជាប់ពន្ធនាគាររយៈពេល១៤ខែ ករណីលោកបានតែងកំណាព្យមួយលើកសរសើរប្រទេសកូរ៉េខាងជើងជាសាធារណៈ ។
កំណាព្យរបស់លោក អ៊ី យ៉ុនសប បានចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០១៦ ។ កំណាព្យនេះមានឈ្មោះថា «មាគ៌ានៃការបង្រួបបង្រួមជាតិ» មានន័យថា ប្រទេសកូរ៉េទាំងពីរត្រូវរួមគ្នាជាប្រទេសតែមួយ និងស្ថិតនៅក្រោមរបបសង្គមនិយមរបស់កូរ៉េខាងជើង ។ បើកូរ៉េខាងជើង និងកូរ៉េខាងត្បូងក្លាយជាប្រទេសតែមួយនោះ ពលរដ្ឋប្រទេសទាំងពីរនឹងមានលំនៅឋានសមរម្យ, មានការធានារ៉ាប់រងសុខភាព និងការអប់រំដោយពុំចាំបាច់បង់ថ្លៃសិក្សា ។
កំណាព្យនេះបានសរសេរទៀតថា ប្រសិនបើប្រទេសកូរ៉េទាំងពីរយល់ព្រមបង្រួបបង្រួមជាតិនោះ ចំនួនការធ្វើអ.ត្តឃា.តនឹងធ្លាក់ចុះ ហើយការជំពាក់បំណុលនឹងធ្លាក់ចុះផងដែរ ។ លោក អ៊ី យ៉ុនសប ទទួលបានពានរង្វាន់ក្នុងការប្រកួតតែងកំណាព្យនៅប្រទេសកូរ៉េខាងជើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ។
ការតែងកំណាព្យរបស់លោក អ៊ី យ៉ុនសប ចាត់ទុកថា គឺជាទង្វើខុសច្បាប់របស់ប្រទេសកូរ៉េខាងត្បូង ពីព្រោះលោកបានលើកសរសើរកូរ៉េខាងជើងជាសាធារណៈ ។ មុននេះ លោកធ្លាប់ជាប់ពន្ធនា.គារអស់រយៈពេល១០ខែក្នុងករណីដូចគ្នានេះ ។ រីឯតុលាការទីក្រុងសេអ៊ូលបញ្ជាក់ថា លោក អ៊ី យ៉ុនសប នៅតែបន្តផ្សព្វផ្សាយ និងសរសើរប្រទេសកូរ៉េខាងជើង ៕










