ថ្មីៗនេះនៅលើបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍ទៅលើគូស្វាមីភរិយាមួយគូជាជនជាតិអូស្រ្តាលីបានមកកម្សាន្តនៅប្រទេសកម្ពុជាដោយបង្ហាញពីភាពរុសរាយរបស់ប្រជាជន ទំនិញប្រ៊េនៗមានតម្លៃធូរថ្លៃជាងប្រទេសជិតខាង។ នេះក៏ជាហេតុផលជំរុញឱ្យប្តីប្រពន្ធមួយគូនេះនៅបន្តដើរកម្សាន្តច្រើនថ្ងៃ ទាំងគោលបំណងអ្នកទាំងពីរមកលេងប្រទេសកម្ពុជាតែ៣ថ្ងៃប៉ុណ្ណោះ។
តាមការចែករំលែករបស់ផេកមួយឈ្មោះថា «Re-IDEA » បានរៀបរាប់ថា មើលប្តីប្រពន្ធមួយគូជនជាតិអូស្រ្តាលីដើរលេងនៅស្រុកខ្មែរតែបីថ្ងៃ តែជ្រុលដល់ពីរសប្តាហ៍ ដែលវីដេអូ ពួកគាត់ដើរចូលផ្សារអ៊ីអន១និង២ គ្រាន់តែងាកកាមេរ៉ាទៅណា ប្រជាពលរដ្ឋខ្មែរសើចដាក់គាត់ជានិច្ច បុគ្គលិកហាងទោះមិនទិញដើរកាត់ពីមុខក៏ញញឹមដែរ ហើយលឺតែពាក្យ Welcome to Cambodia ពីប្រជាពលរដ្ឋខ្មែរ និង ជួបក្មេងៗសិស្សសាលានិយាយ Hello ទៅកាន់ពួកគាត់រហូត សួរពួកគាត់មកពីណា ហើយតែងតែចប់ដោយពាក្យ Thanks for visiting Cambodia និងពាក្យ Welcome ជានិច្ច»។
ផេកដដែល បានឱ្យដឹងទៀតថា « ហេតុផលនេះហើយដែលពួកគាត់ដើរលេងស្រុកខ្មែរហួសច្រើនថ្ងៃ ។ គាត់ថាមិនដែលមានស្រុកណាមានបុគ្គលិកនៅផ្សារទំនើប Luxury ចេះញញឹមដាក់ និង និយាយលេងជាមួយពួកគាត់នោះទេ មានតែស្រុកខ្មែរនេះឯងដោយគាត់ថា ប្រទេសណាក៏ដោយនៅតាមផ្សារទំនើបប្រភេទ Luxury បែបនេះគឺ គេមិននិយាយរកមុន ឬ ញញឹមដាក់នោះទេ ។ បន្ទាប់មក ពួកគាត់ក៏ទិញអីវ៉ាន់ប្រេនៗ ដោយគាត់ថា អ៊ីវ៉ាន់ប្រេនៗម៉ាកល្បីៗដូច Puma Nike Adidas…និង មុខម្ហូបនៅតាមហាងល្បីៗនៅជុំវិញពិភពលោកនៅស្រុកខ្មែរដូចជា Starbucks, KFC, Texas, Burger King …មានតម្លៃថោកជាងនៅថៃ និង អូស្រ្ដាលី។
ប្រភពដដែលបានបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះនិយាយថានៅស្រុកផ្សេងៗដោយមានថៃដែរពួកគាត់ថាចូលផ្សារទំនើប Luxury គេ ដើរមើលអីវ៉ាន់គេមិនសួរនាំនោះទេ លុះតែគាត់សួររកមុន បាននិយាយរកគាត់ ហើយមិនចេះញញឹមនោះទេតែនៅស្រុកខ្មែរ ដើរកាត់ញញឹមដាក់មុនសួរមួយម៉ាត់តែបកស្រាយអំពីអីវ៉ាន់អស់រលីញម៉ង។ ពួកគាត់បាន Recommend អ្នកចង់shoppingនៅហាងល្បីៗ សាកមកស្រុកខ្មែរម្តងទាំងតម្លៃថោក និង សេវាកម្មល្អ»។
នេះមិនមែនជាលើកទី១នោះទេដែលជនបរទេសកោតសរសើរពីប្រទេសកម្ពុជានិងជាប់ចិត្តពីភាពរុសរាយរបស់ប្រជាជននៅពេលបានមកដើរកម្សាន្តផ្ទាល់ តែងតែលើកសរសើរជាពិសេសក៏បានជួយបន្តផ្សព្វផ្សាយជំរុញឱ្យទេសចរដទៃទៀតមកកម្សាន្តនៅប្រទេសកម្ពុជាផងដែរ៕


.png)












