សហរដ្ឋអាមេរិក ៖ នេះជាតាក់ស៊ីអាកាសដើរដោយថាមពលអគ្គិសនី ដែលផលិតឡើងដោយក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក ។ វាជាលើកដំបូងហើយដែលតាក់ស៊ីអាកាស «Joby» បានហោះហើរនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ជាទូទៅ រថយន្តតាក់ស៊ីមានតួនាទីដឹកអ្នកដំណើរទៅកាន់ទីកន្លែងនានា ប៉ុន្តែសម្រាប់តាក់ស៊ីអាកាសនេះ នឹងត្រៀមដឹកអ្នកដំណើរពីតំបន់ម៉ែនហាតតាន់ ទៅកាន់អាកាសយានដ្ឋាន ដនអេស ខេនណាឌី ។
ក្រុមហ៊ុនឱ្យដឹងថា តាក់ស៊ីអាកាសបានហោះហើរក្នុងល្បឿន៨៩គីឡូម៉ែត្រក្នុង១ម៉ោង គឺវានឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ។ បើអ្នកដំណើរជិះរថយន្តតាក់ស៊ីធម្មតាទៅកាន់អាកាសយានដ្ឋាន ដនអេស ខេនណាឌី ពួកគេនឹងត្រូវចំណាយពេលវេលាអស់ជាច្រើនម៉ោង ប៉ុន្តែបើពួកគេជិះតាក់ស៊ីអាកាសវិញ នឹងចំណាយពេលត្រឹមតែ៧នាទីប៉ុណ្ណោះ ។
ក្រៅពីវាមានល្បឿនលឿន និងចំណេញពេលវេលាហើយ តាក់ស៊ីអាកាសមិនបញ្ចេញជាតិពុលដល់បរិយាកាសទេ ពីព្រោះវាដើរដោយថាមពលអគ្គិសនី ។ លើសពីនេះ វាមិនបង្កសំឡេងរំខានទេ ពីព្រោះការប្រើប្រាស់ថាមពលអគ្គិសនីនឹងមានសំឡេងស្ងាត់ជាងការប្រើប្រាស់ម៉ាស៊ីនទូទៅ និងកាត់បន្ថយការបំពុលបរិយាកាសផងដែរ ។
តើតាក់ស៊ីអាកាសអាចដឹកអ្នកដំណើរបានចំនួនប៉ុន្មាននាក់? តាក់ស៊ីនេះអាចទទួលអ្នកជិះចំនួន៥នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ទៀត ។ ក្រុមហ៊ុនសង្ឃឹមថា តាក់ស៊ីអាកាសនឹងអាចផ្តល់សេវាកម្មដឹកអ្នកដំណើរនៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍ជាតិ និងបានត្រួតពិនិត្យដំណើរការហោះហើររួចរាល់ហើយ ។ ដូច្នេះ មិនយូរទៀតទេ អ្នកដំណើរនឹងអាចជិះតាក់ស៊ីអាកាសដ៏ទំនើបនេះ ៕
ប្រភព ៖ Thai PBS










