បរទេស៖ អាជ្ញាធរអ៊ីស្លង់បានជម្លៀសមនុស្សរាប់ពាន់នាក់ពេញមួយយប់ ដើម្បីចាកចេញពីទីក្រុងមួយ បន្ទាប់ពីមានការរញ្ជួយដីរាប់រយត្រូវបានកត់ត្រា ដែលបង្កឱ្យមានភាពភ័យខ្លាចនៃការផ្ទុះភ្នំភ្លើង។
យោងតាមគេហទំព័រ Euro News ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកាថា ថ្មីៗនេះមន្ត្រីអ៊ីស្លង់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅលើឧបទ្វីប Reykjanes នៃភាគនិរតី បន្ទាប់ពីបានកត់ត្រាការរញ្ជួយដីភូមិសាស្ត្រសំខាន់ៗប្រហែល ៥០០ ចាប់ពីយប់ថ្ងៃទី ១០ ដល់ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ដែលនេះអាចជាសញ្ញានៃការផ្ទុះកម្អែលភ្នំភ្លើងនៅតំបន់ Sundhnjukagigar នៃឧបទ្វីប។
ដូច្នេះ ប្រជាជនប្រហែល ៤,០០០ ត្រូវបានបញ្ជាឱ្យជម្លៀសចេញពេញមួយយប់ ពីទីក្រុង Grindavik ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Reykjavik ។ ហេតុនេះហើយ រមណីយដ្ឋាន និងទេសចរណ៍ Blue Lagoon ក្នុងតំបន់នេះត្រូវបានបិទតាំងពីដើមសប្តាហ៍ ដើម្បីជៀសវាងហានិភ័យ។ រោងចក្រថាមពលកំដៅក្នុងផែនដី Svartsengi ដែលជាកន្លែងផ្គត់ផ្គង់អគ្គិសនី និងទឹកសំខាន់សម្រាប់អ្នកស្រុកប្រហែល ៣០,០០០ នាក់នៅលើឧបទ្វីប Reykjanes ក៏ត្រូវបានបិទមួយរយៈផងដែរ។
អ៊ីស្លង់ គឺជាប្រទេសដែលមានភ្នំភ្លើងសកម្មបំផុតនៅអឺរ៉ុប នឹងមានទីតាំងត្រួតពិនិត្យសរុបចំនួន ៣៣។ អ្នកជំនាញបាននិយាយថា បរិមាណកម្អែភ្នំភ្លើងដែលបង្ខំដោយបន្ទះភូគព្ភសាស្ត្របាននឹងកំពុងប្រមូលផ្តុំនៅជម្រៅ ៥ គីឡូម៉ែត្រក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា សកម្មភាពភូគព្ភសាស្ត្របានកើតឡើងកាន់តែកៀកទៅនឹងដី ហើយកម្អែលភ្នំភ្លើងបានចាប់ផ្តើមផ្លាស់ទីបញ្ឈរ ដោយបង្រួមលើផ្ទៃផែនដី ក្នុងតំបន់រវាង Sundhnjukagigar និង Grindavik ។
យោងតាមមន្ត្រីអ៊ីស្លង់បានព្យាករណ៍ថា ការផ្ទុះកម្អែភ្នំភ្លើងនៅលើឧបទ្វីប Reykjanes អាចនឹងកើតឡើង “នៅប៉ុន្មានថ្ងៃខាងមុខ”។ ដូច្នេះ អ្នកស្រុក Grindavik ត្រូវបានជម្លៀសចេញពេញមួយយប់ បន្ទាប់ពីមន្ត្រីអ៊ីស្លង់បានវាយតម្លៃថា កម្អែលភ្នំភ្លើងអាចនឹងរំកិលចុះក្រោមទៅលើផ្ទៃដី។
គួរបញ្ជាក់ដែរថា ឧបទ្វីប Reykjanes មានការផ្ទុះភ្នំភ្លើងចំនួនបីនៅ Fagradalsfjall ក្នុងខែមីនា ឆ្នាំ ២០២១ និងខែសីហា ឆ្នាំ ២០២២ រួមទាំងខែកក្កដា ឆ្នាំ ២០២៣ ។ ទោះជាយ៉ាងណា ឧប្បត្តិហេតុទាំងបីនេះបានកើតឡើងនៅក្នុងតំបន់ឆ្ងាយពីហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងតំបន់លំនៅដ្ឋាន៕










