ប្រទេសចិន៖ ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តជាខ្លាំង នៅពេលដែលប្រជាជនចិនរងគ្រោះ និងរងរបួសពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅតំបន់ក្បែរព្រំដែនជាមួយប្រទេសចិន។
យោងតាមគេហទំព័រ Myanmar-Now ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែវិច្ឆិកាថ្មីៗនេះថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះប្រដាប់អាវុធ រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមរបស់មីយ៉ាន់ម៉ា នៅភាគខាងជើងនៃតំបន់ក្បែរព្រំដែនចិន ដែលធ្វើឱ្យប៉ះពាល់សុវត្ថិភាពរបស់ប្រជាជនចិន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា ក៏បានឱ្យដឹងទៀតថា ជនជាតិចិនចំនួន ២ នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតបានរងរបួស បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបាញ់ផ្លោងកាំភ្លើងធំមួយគ្រាប់ទៅលើតំបន់ព្រំដែនចិននិងមីយ៉ាន់ម៉ា។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងប៉េកាំងនឹងធ្វើអន្តរកម្មយ៉ាងតឹងរ៉ឹងជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពជម្លោះនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។
លោក Wang Wenbin ក៏បានសង្កត់ធ្ងន់ដែរថា “បច្ចុប្បន្នប្រទេសចិនបានស្នើឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បញ្ឈប់ជាបន្ទាន់ និងចាត់វិធានការទប់ស្កាត់រាល់ស្ថានភាពដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនចិននៅក្នុងតំបន់ព្រំដែនពិភពលោក”។ ដូច្នេះ ប្រទេសចិននឹងចាត់វិធានការដ៏ចាំបាច់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋរបស់ខ្លួន។
គួរបញ្ជាក់ដែរថា រដ្ឋ Shan នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតនៅតំបន់ជាប់ព្រំដែនជាមួយប្រទេសចិន គឺជាកន្លែងនៃការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចឧទ្ទាម។ តំបន់នេះក៏ជាជម្រករបស់ក្រុមឧទ្ទាម ដែលបានប្រយុទ្ធជាមួយយោធាអស់ជាច្រើនទសវត្សរ៍ ដើម្បីស្វ័យភាព និងការគ្រប់គ្រងធនធានធម្មជាតិ៕