ប្រទេសថៃ ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋាភិបាលប្រទេសថៃ លោក Somkid Chuekong អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយពីលោកចូលរួមក្នុងកិច្ចប្រជុំពិភាក្សាគ្នាជាមួយក្រសួងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម និងសហករណ៍ថា កិច្ចប្រជុំបានពិភាក្សាពីបញ្ហាស្រូវរដូវថ្មី ដែលប្រទេសថៃនឹងទិញ ឬជួយកសិកររឿងការប្រាក់ ព្រមទាំងបញ្ហាផ្សេងៗ ។ លើសពីនេះ លោកនឹងចូលរួមប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រោះបច្ចុប្បន្ន ជារដូវស្រូវកំពុងផ្តល់ផល ជាពិសេស ស្រូវផ្កាម្លិះនៅតំបន់ឦសានប្រទេសថៃ ។
លោក Somkid Chuekong អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយបន្តថា នៅខេត្តអូប៊ុនរ៉ាជថានី តម្លៃស្រូវនៅម៉ាស៊ីនកិនស្រូវ គឺស្មើនឹង១១បាតក្នុង១គីឡូក្រាម ។ នេះចាត់ទុកថា តម្លៃមិនល្អទេ ប៉ុន្តែរដ្ឋាភិបាលនឹងរៀបចំវិធានការជាច្រើន ដូចជា ចាត់ឱ្យធនាគារថៃឈ្មោះ Bank For Agriculture And Agricultural Cooperatives (ថ.ក.ស) ផ្តល់ប្រាក់ទៅឱ្យសហករណ៍ទិញស្រូវ ក្នុងនោះមានសហករណ៍ជាង៥០០កន្លែងបានត្រៀមខ្លួនទិញស្រូវរួចហើយ ។ ដូច្នេះ ការទិញស្រូវនេះនឹងជួយបង្កើនតម្លៃស្រូវកាន់តែច្រើនសម្រាប់កសិករ ។
លោក Somkid Chuekong លើកឡើងថា ៖ «ខ្ញុំសូមជម្រាបទៅកាន់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឬក្រុមហ៊ុនអាជីវកម្មថា ឱ្យអាណិតកសិករថៃ ពីព្រោះក្នុង១ឆ្នាំ ពួកគេទទួលបានទិន្នផលស្រូវតែ១លើកប៉ុណ្ណោះ ។ ចំណែកអង្ករផ្កាម្លិះនាំចេញទៅក្រៅប្រទេសវិញ គឺមានតម្លៃខ្ពស់រហូតដល់៣ម៉ឺនបាតក្នុង១តោន ដែលតម្លៃនេះខុសគ្នាចំនួន៣ពាន់បាតសម្រាប់ការលក់អង្ករក្នុងប្រទេសថៃ» ។
លោកបន្ថែមថា ៖ «ដូច្នេះ ខ្ញុំក៏សូមផ្តាំផ្ញើទៅកាន់អាជីវករទាំងអស់ថា បងប្អូនយើងកំពុងជួបទុក្ខលំបាកក្នុងរឿងតម្លៃអង្ករ ណាមួយត្រូវជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតទៀត ។ កសិករប្រមូលផលស្រូវតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ហើយមិនមែននាំគ្នាទម្លាក់តម្លៃស្រូវនោះទេ ។ យើងត្រូវកំណត់តម្លៃមួយសមរម្យ និងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់មានប្រៀប ឬចាញ់ប្រៀប ។ បើតម្លៃស្រូវស្មើ១២បាតក្នុង១គីឡូក្រាម លោកមិននិយាយទេ ដោយសារកសិករមិនប៉ះពាល់ខ្លាំងប៉ុន្មាន ។ ប៉ុន្តែពេលនេះ នៅកន្លែងខ្លះ ស្រូវមានតម្លៃត្រឹមតែ១០បាតក្នុង១គីឡូក្រាម» ។
ចុងក្រោយ លោកបញ្ជាក់ថា ៖ «នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បើធនាគារ Bank For Agriculture And Agricultural Cooperatives (ថ.ក.ស) ប្រជុំរួចហើយនោះ នឹងមានផ្តល់ប្រាក់កម្ចីឱ្យសហករណ៍ជួយទិញស្រូវពីកសិករ ដើម្បីឱ្យស្រូវផ្កាម្លិះនៅតំបន់ឦសានប្រទេសថៃមានតម្លៃល្អ ។ រីឯវិធានការផ្សេងៗ ខាងគណៈរដ្ឋមន្ត្រីនឹងធ្វើសេចក្តីថ្លែងការណ៍» ៕ ប្រភព ៖ pptv hd