ប្រទេសចិន៖ ប្រទេសចិនបាននិយាយថា ខ្លួននឹងអភិវឌ្ឍមនុស្សយន្ត AI ជាលក្ខណៈទ្រង់ទ្រាយធំនៅឆ្នាំ ២០២៥ ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្ម និងវិជ្ជាជីវៈជាច្រើននៅក្នុងប្រទេស។
យោងតាមប្រភពព័ត៌មាន CSMP ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកាថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានចេញគោលការណ៍ចំនួន ៩ ដោយអំពាវនាវឱ្យកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនចំនួនមនុស្សយន្តក្នុងការប្រកួតប្រជែងអន្តរជាតិសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា ដោយមេដឹកនាំនៃប្រទេសនេះ បានមើលឃើញថា មនុស្សយន្តជាវិស័យអាទិភាពសម្រាប់ការវិនិយោគ។
MIIT ក៏បានវាយតម្លៃវត្តមានរបស់មនុស្សយន្ត AI ថានឹងនាំមកនូវរបកគំហើញស្រដៀងនឹងកុំព្យូទ័រ ស្មាតហ្វូន ឬយានជំនិះដោយប្រើថាមពលជំនួស។ គេរំពឹងថានៅឆ្នាំ ២០២៥ ប្រទេសចិននឹងបញ្ចប់ ក៏ដូចជាដាក់មនុស្សយន្តចូលទៅក្នុងការផលិតទ្រង់ទ្រាយធំ។ ដូច្នេះនៅឆ្នាំ ២០២៧ ម៉ាស៊ីនទាំងនេះនឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចឈានមុខគេមួយនៅលើពិភពលោក។
យោងតាម MIIT ក៏បានឱ្យដឹងទៀតថា ដើម្បីសម្រេចបាននូវគោលដៅ ប្រទេសចិនត្រូវធ្វើឱ្យមានភាពជឿនលឿនបន្ថែមទៀតនៅក្នុងបញ្ញាសិប្បនិមិត្ត និងការផលិតព័ត៌មានលម្អិតនៃដៃ និងជើង ដោយមនុស្សយន្តនឹងត្រូវប្រើប្រាស់ក្នុងបរិយាកាសពិសេស ប្រឈមមុខនឹងស្ថានភាពដ៏លំបាក ដូចជាការងារជួយសង្គ្រោះជាដើម។ MIIT ក៏មានបំណង “បង្កើតប្រព័ន្ធច្នៃប្រឌិតមនុស្សយន្ត ធ្វើឱ្យមានរបកគំហើញនៅក្នុងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន និងធានានូវការផ្គត់ផ្គង់ផ្នែកស្នូលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព” នៅឆ្នាំ ២០២៥។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសចិនកំពុងបង្កើនការស្រាវជ្រាវ ដើម្បីបង្កើតផលិតផលដែលមានសមត្ថភាពប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក៏ដូចជាមានមហិច្ឆតាក្នុងការនាំចេញមនុស្សយន្តទៅកាន់អន្តរជាតិជាលក្ខណៈទ្រង់ទ្រាយធំទៀតផង៕