ប្រទេសថៃ ៖ សារព័ត៌មានថៃមួយបានចុះផ្សាយថា បច្ចុប្បន្ន មានម្ហូបអាហាររបស់ប្រទេសថៃចំនួន៤មុខ ដែលពលរដ្ឋខ្មែរចូលចិត្តបរិភោគ និងពេញនិយមបំផុត ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃលើកឡើងថា បើពេញនិយមបែបនេះ នៅកម្ពុជាអាចធ្វើម្ហូបនេះបរិភោគ ឬលក់នៅក្នុងប្រទេសរបស់ខ្លួន គឺថៃមិនថាអីនោះទេ ប៉ុន្តែហេតុអ្វីបានជាមកទាមទារថា ម្ហូបនេះយករូបមន្តពីប្រទេសរបស់ខ្លួន ។ តើម្ហូបអាហារទាំង៤មុខដែលខាងសារព័ត៌មានថៃបានចុះផ្សាយនោះមានអ្វីខ្លះ ?
សារព័ត៌មានប្រទេសថៃបានចុះផ្សាយថា ម្ហូបអាហាររបស់ថៃទទួលបានការពេញនិយមនៅកម្ពុជា និងនៅប្រទេសនានានៅលើពិភពលោក ។ ម្ហូបអាហារទាំងនេះមានដូចជា ៖
១-បុកល្ហុង ៖
បុកល្ហុង គឺជាចំណីអាហាររបស់ថៃដ៏ពេញនិយមបំផុតនៅប្រទេសកម្ពុជា ។ បុកល្ហុង មានគ្រឿងផ្សំ និងត្រូវដាក់បន្លែស្រស់ៗជាច្រើនមុខ ដូចជា ល្ហុងខ្ចី, សណ្តែកកួ, ប៉េងប៉ោះ និងបង្គារក្រៀម ដែលគេយកវាមកផ្សំគ្នាជាមួយគ្រឿងផ្សេងៗដើម្បីឱ្យមានរសជាតិដិត ដូចជា ទឹកត្រី, ស្ករត្នោត ឬស្ករស, ម្ទេស, ខ្ទឹមសរ, ក្រូចឆ្មា, ទឹកប្រហុក ឬកាពិ និងសណ្តែកដី ។ ហេតុនេះ បុកល្ហុងត្រូវបានជនជាតិថៃ និងជនបរទេសចូលចិត្តបរិភោគនៅតាមកម្មវិធីនានាគ្រប់ពេលវេលា ។
២-សម្លតុមយ៉ាំបង្គា ៖
សម្លតុមយ៉ាំបង្គាមានរសជាតិហឹរខ្លាំង ដែលគេបានផ្សំរសជាតិវាពីគ្រឿងផ្សំពណ៌ក្រហម, ក្រូចឆ្មារ និងស្លឹកក្រូចសើច ។ បន្ទាប់មក គេដាក់បង្គារ, សាច់ជ្រូក, សាច់មាន់ និងផ្សិត ។ វាជាម្ហូបមួយមុខរបស់ប្រទេសថៃ ដែលបានល្បីល្បាញនៅប្រទេសថៃ និងនៅក្រៅប្រទេស ។
៣-សម្លខ្ទិះ (ឬភាសាថៃហៅថា កែងខៀវវ៉ាន) ៖
សម្លនេះត្រូវបានធ្វើឡើងពីគ្រឿងផ្សំជាច្រើនប្រភេទ ដូចជា ខ្ទិះដូង, ម្ទេសខ្ចី, កាបិ, ស្ពៃ, ត្រប់ស្រួយ, បង្គា និងសាច់សត្វផ្សេងៗ ។ សម្លនេះមានរសជាតិផ្អែម ដោយសារការដាក់ស្ករត្នោត ។ ហេតុនេះ ភាពឈ្ងុយឆ្ងាញ់របស់សម្លខៀវវ៉ាន បានធ្វើឱ្យវាពេញនិយមសម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស ។
៤-ផាត់ថៃ ៖
ផាត់ថៃ គឺជាអាហារមួយប្រភេទដែលគេបានស្គាល់ជាទូទៅនៅលើពិភពលោក ។ ផាត់ថៃមានគ្រឿងផ្សំដូចជា សរសៃគុយទាវ, បង្គា ឬសាច់សត្វផ្សេងៗ, សណ្តែកបណ្តុះ និងពងមាន់ ។ អាហារមួយប្រភេទនេះ គឺត្រូវធ្វើឱ្យវាមានរសជាតិផ្អែម, ប្រៃ, ជូរ និងហឹរតិចៗ ដើម្បីបង្ហាញពីភាពទាក់ទាញនៃរសជាតិអាហាររបស់ប្រទេសថៃ ហើយពលរដ្ឋខ្មែរចូលចិត្តបរិភោគផាត់ថៃខ្លាំងណាស់ ៕