រាជធានីអង្គរធំជារាជធានីចុងក្រោយបង្អស់និងស្ថិតស្ថេរជាងគេនៃសម័យអង្គរ ដែលត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ក្នុងអំឡុងគស ១១៨១ ដល់១២១៨។ រាជធានីនេះគ្របដណ្តប់លើផ្ទៃដី៩គីឡូម៉ែត្រការ៉េ មានខ្លោងទ្វារចំនួន៥បែរមុខទៅទិសទាំង៤ជាចម្លាក់បាយ័ន ព្រហ្មមុខ៤ អមសងខាងផ្លូវដោយអសុរា និងទេវតាទ្រនាគ។ ភាគច្រើនអ្នកដែលបានទៅលេងនៅក្នុងវង់អង្គរធំតែងតែចូលតាមច្រកទន្លេអ៊ុ (ច្រកខាងត្បូង)ជាងគេ ព្រោះជាច្រកដែលអាចចេញដំណើរពីប្រាសាទអង្គរវត្តទៅ។ ទោះជាយ៉ាងណាក៏ដោយ ខ្លោងទ្វារទាំង៥នេះកាលពីបុរាណកាលត្រូវបានគេបែកចែកនៅក្នុងការប្រើប្រាស់ទៅតាមកាលៈទេសៈខុសៗគ្នាទាំងអស់។ ដូច្នេះ មកដឹងពីអត្ថន័យនិងតួនាទីនៃខ្លោងទ្វារទាំង៥ដូចខាងក្រោម៖
១ ខ្លោងទ្វារខ្មោច ៖ ខ្លោងទ្វារដែលស្ថិតនៅទិសខាងកើត មានទីតាំងស្ថិតនៅចំពីមុខប្រាសាទបាយ័ន។ ខ្លោងទ្វារនេះមានមុខងារដើម្បីដឹកឬដង្ហែរសាកសព អ្នកដែលរស់នៅក្នុងបរិវេណប្រសាទអង្គរធំដើម្បីយកទៅបូជា ឬបោះចោលទៅក្នុងទឹកដែលនៅខាងក្រៅនៃបរិវេណក្រុង។ ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថាខ្លោងទ្វារខ្មោច។ លើសពីនេះទៅទៀត តាមជំនឿចាស់ៗបុរាណ គេជឿថាខ្លោងទ្វារនេះគ្មានបញ្ចុះនូវមន្តអាគមគាថ៌ាដូចខ្លោងទ្វារដទៃទេ ព្រោះគេកប់ខ្មោចនៅទីនោះ និងដោយខ្លាចពួកគេមិនបានចាប់ជាតិ ហើយក៏មានបម្រាមថាត្រូវកប់ឲ្យបានមុនថ្ងៃលិចនិងហាមដើរងាកក្រោយផងដែរដែលអាចនាំឲ្យព្រលឹងខ្មោចដើរតាមចូលទៅក្នុងភូមិស្រុក។
២ ខ្លោងទ្វារជ័យ៖ ខ្លោងទ្វារស្ថិតនៅទិសខាងកើតមួយដែរ និងជាខ្លោងទ្វារនៃភាពសុខដុមរមនា ដែលស្ថិតនៅចំខាងមុខព្រះទីលានជល់ដំរី អាចធ្វើដំណើរឆ្លងកាត់សម្រាប់តែព្រះមហាក្សត្រនិងកងទ័ពប៉ុណ្ណោះ និងបន្ទាប់ពីបានទទួលនូវជ័យជំនះលើខ្មាំងសត្រូវ។ ដូច្នេះ គេក៏បានប្រសិទ្ធនាមខ្លោងទ្វារនោះថាខ្លោងទ្វារជ័យ។
៣ ខ្លោងទ្វារទន្លេទន្លេអុំ គឺជាខ្លោងទ្វារខាងត្បូងនិងជាខ្លោងទ្វារដ៏មមាលញឹកជាងគេ អាចធ្វើដំណើរឆ្លងកាត់បានគ្រប់ស្រទាប់វណ្ណៈទាំងអស់រាប់ចាប់ពីវណ្ណៈក្សត្រ នាមឺនមន្រ្តី រហូតដល់ប្រជារាស្រ្តសាមញ្ញ និងអាចចេញចូលបានគ្រប់ពេលវេលាតាំងពីព្រលឹមរហូតដល់ព្រលប់ នៅក្នុងគោលបំណងធ្វើកិច្ចការដ្ឋបាល សាសនា និងរកស៊ីជួញដូរ។ ម៉្យាងវិញទៀតខ្លោងទ្វារនេះ ក៏ត្រូវបានគេប្រារព្ធពិធីបុណ្យអ៊ុទូក ដើម្បីរំលឹកដល់ការធ្វើចម្បាំងជើងទឹកដោយបានយកឈ្នះទៅលើកងទ័ពចាម ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។
៤ ខ្លោងទ្វារតាកៅ ៖ គឺជាខ្លោងទ្វារខាងលិច ត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត នៅពេលដែលជនណាម្នាក់មានទោសធ្ងន់ធ្ងរ ដែលមិនអាចលលើកលែងទោសបាន នោះត្រូវបានគេយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារ ហើយធ្វើការជីករណ្តៅកប់ឬយកដីនិងថ្មកប់ពីលើ។
៥ ខ្លោងទ្វារដីឆ្នាំង ៖ គឺជាខ្លោងទ្វារនៅទិសខាងជើង គេប្រើប្រាស់សម្រាប់ក្រុមបុព្វជិតមកពីទីជិតទីឆ្ងាយដង្ហែរក្បូនមកចូលគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងដូចជាសូមការប្រោសប្រទានទោស និងកែប្រែកំហុសសារជាថ្មីជាដើម៕