បរទេស៖ កូរ៉េខាងជើងបាននាំចេញគ្រាប់កាំភ្លើងជាង ១ លានគ្រាប់ទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមខែសីហាកន្លងទៅ នេះបើយោងតាមគេហទំព័រ CNN ដែលបានរាយការណ៍នៅថ្ងៃទី១ ខែវិច្ឆិកា។
លោក Yoo Sang-bum ដែលជាសមាជិកសភា និងជាអ្នកស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង (NIS) បានប្រាប់សារព័ត៌មាននេះថា “គ្រាប់កាំភ្លើងជាង ១ លានរបស់កូរ៉េខាងជើងត្រូវបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី ដែលគ្រាប់កាំភ្លើងទាំងនោះអាចប្រើប្រាស់បានជាងពីរខែនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន”។ លោក Yoo ក៏បានបន្តទៀតថា រោងចក្រផលិតសព្វាវុធរបស់កូរ៉េខាងជើងកំពុងដំណើរការយ៉ាងពេញទំហឹង ដើម្បីបំពេញតម្រូវការរបស់រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់យោធា។ ដូច្នេះ NIS ជឿជាក់ថា កូរ៉េខាងជើងបានបញ្ជូនអ្នកជំនាញអាវុធទៅរុស្ស៊ីកាលពីខែតុលា ដើម្បីណែនាំពីរបៀបប្រើប្រាស់អាវុធដែលពួកគេបានផលិត។
NIS ក៏បានព្យាករណ៍ដែរថា រុស្ស៊ីអាចនឹងឆ្លើយតបដោយការផ្ទេរបច្ចេកវិទ្យាមួយចំនួនដើម្បីជួយកូរ៉េខាងជើងបង្កើនសមត្ថភាពយោធារបស់ខ្លួន រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវកងយន្តហោះចម្បាំងដែលហួសសម័យរបស់ខ្លួន។បច្ចុប្បន្ន កូរ៉េខាងជើង និងរុស្ស៊ីកំពុងពង្រឹងភាពជាដៃគូរបស់ពួកគេ ខណៈដែលជម្លោះរបស់ពួកគេជាមួយសហរដ្ឋអាមេរិកកាន់តែកើនឡើង។ កូរ៉េខាងត្បូង និងអាមេរិកជឿជាក់ថា កូរ៉េខាងជើងអាចផ្តល់គ្រាប់រំសេវដល់រុស្ស៊ី ជាថ្នូរនឹងបច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
យោងតាម NIS ក៏បានព្យាករណ៍ទៀតថា កូរ៉េខាងជើងទំនងជាទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យាពីរុស្ស៊ី ខណៈដែលខ្លួនកំពុងជំរុញផែនការបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួន។ បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបបរាជ័យ កូរ៉េខាងជើងមិនអាចដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថីក្នុងខែតុលា ដូចដែលបានប្រកាសពីមុននោះទេ។ ដូច្នេះ NIS ជឿជាក់ថា កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះលើកទីបីរបស់ខ្លួន ជាមួយនឹងលទ្ធភាពជោគជ័យខ្ពស់ជាងនេះ។
គួរបញ្ជាក់ដែរថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពណ៌នាម្តងហើយម្តងទៀតនូវសមត្ថភាពឈ្លបយកការណ៍តាមលំហអាកាសថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕