ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Fumio Kishida បានប្រកាសអំពីវិធានការជំរុញសេដ្ឋកិច្ចជាតិ និងការឧបត្ថម្ភថវិកាដល់ពលរដ្ឋជប៉ុន ។ ថវិកានេះនឹងគ្របដណ្តប់រហូតដល់ការកាត់បន្ថយពន្ធ និងការចំណាយផ្សេងៗផងដែរ ដោយរដ្ឋាភិបាលនឹងស្វែងរកថវិកាមួយចំនួន តាមរយៈការរៀបចំថវិកាពិសេស ។Inflation, Rising Prices Have Voters Turning on Japan PM Fumio Kishida -  Bloomberg

សារសំខាន់នៃវិធានការជំរុញសេដ្ឋកិច្ចជាតិលើកនេះ គឺការកាត់បន្ថយពន្ធលើប្រាក់ចំណូល និងពន្ធដីធ្លីសម្រាប់ពលរដ្ឋជប៉ុន ក្នុងម្នាក់ចំនួន៤ម៉ឺនយ៉េន ។ លើសពីនេះ រដ្ឋាភិបាលជប៉ុននឹងចែកប្រាក់ទៅឱ្យពលរដ្ឋមានចំណូលតិចផងដែរ គឺក្នុង១គ្រួសារនឹងទទួលបានប្រាក់ចំនួន៧ម៉ឺនយ៉េន ។

រដ្ឋាភិបាលមានគោលដៅជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច និងជួយសង្គ្រោះពលរដ្ឋដែលរងផលប៉ះពាល់ដោយសារបញ្ហាអតិផរណា ។ រដ្ឋាភិបាលបានប្រកាសវិធានការនេះ ស្របពេលគណៈកម្មការគ្រប់គ្រងរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានព្យាយាមស្តារនូវទំនុកចិត្តក្នុងចំណោមពលរដ្ឋ បន្ទាប់ពីប្រជាប្រិយភាពរបស់រដ្ឋាភិបាលធ្លាក់ចុះ ។Will Japan's population shrink or swim? | East Asia Forum

លោកនាយករដ្ឋមន្ត្រីជប៉ុនថ្លែងថា ៖ «យើងមើលឃើញថា ប្រទេសជប៉ុនមានឱកាសផ្លាស់ប្តូរទៅរកការបោះជំហានទៅមុខផ្នែកសេដ្ឋកិច្ចជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំ ។ ហេតុនេះ កត្តាសំខាន់ដែលធ្វើឱ្យយើងអាចឈានជើងទៅរកចំណុចនោះបាន គឺការបង្កើនសមត្ថភាពដល់ក្រុមហ៊ុនឯកជនឱ្យមានប្រាក់ចំណូលកើនឡើង ។ ដូច្នេះ ប្រាក់ចំណូលកើនឡើងអាចធ្វើឱ្យក្រុមហ៊ុនទាំងឡាយដំឡើងប្រាក់ខែឱ្យបុគ្គលិកនាពេលអនាគត» ។

វិធានការនេះ គឺជាការព្យាយាមលើកចុងក្រោយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដើម្បីធ្វើឱ្យពលរដ្ឋមានសិទ្ធិបោះឆ្នោតពេញចិត្តលើរូបលោក ខណៈបច្ចុប្បន្ន ប្រទេសជប៉ុនជួបនឹងបញ្ហាអតិផរណា ។ ទោះយ៉ាងណា គេរំពឹងថា វិធានការជំរុញសេដ្ឋកិច្ចលើកនេះ នឹងធ្វើឱ្យប្រទេសជប៉ុនប្រឈមជាមួយបំណុលកាន់តែខ្ពស់ ៕ ប្រភព ៖ 3Plus NEWS