អាមេរិក៖ ទោះបីជាពិធីបុណ្យ Halloween មានត្រឹមតែមួយថ្ងៃក៏ដោយ ក៏ពិធីបុណ្យនេះនៅតែជំរុញការចំណាយលើផលិតផលគ្រប់ប្រភេទនៅក្នុងសហរដ្ឋអាមេរិក ដោយពលរដ្ឋអាមេរិកភាគច្រើនបានចំណាយប្រាក់រហូតទៅដល់ ១២.២ ពាន់លានដុល្លារ។
យោងតាមលទ្ធផលនៃការស្ទង់មតិប្រចាំឆ្នាំដែលធ្វើឡើងដោយសហព័ន្ធលក់រាយជាតិរបស់សហរដ្ឋអាមេរិក (NRF) បានឱ្យដឹងថា ចំនួនការចំណាយនេះបានកើនឡើង ៣ ឆ្នាំជាប់គ្នា។ ក្នុងចំណោមនោះ ជនជាតិអាមេរិកត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រាក់ ៤.១ ពាន់លានដុល្លារលើសំលៀកបំពាក់ និង ៣.៩ ពាន់លានដុល្លារលើការតុបតែងផ្ទះ រួមទាំង ៣.៦ ពាន់លានដុល្លារលើស្ករគ្រាប់។
ដូច្នេះ ចំនួនទាំងអស់នេះបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលចំនួនប្រាក់ជាមធ្យមនៃមនុស្សម្នាក់គ្រោងចំណាយក្នុងពិធីបុណ្យ Halloween ឆ្នាំនេះក៏បានឡើងដល់កំណត់ត្រាចំនួន ១០៨ ដុល្លារផងដែរ។
Halloween គឺជាពិធីបុណ្យខ្មោចមួយដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា និងមានប្រភពមកពីលោកខាងលិច។ សកម្មភាពពេញនិយមក្នុងអំឡុងពិធីបុណ្យនេះគឺទិញសំលៀកបំពាក់ប្លែកៗដើម្បីតែងខ្លួនជាខ្មោច ក៏ដូចជារៀបចំផ្ទះឱ្យដូចទៅនឹងរឿងភ័យរន្ធត់ និងគោះទ្វារអ្នកជិតខាងដើម្បីសុំស្ករគ្រាប់។
ភាគរយដែលប្រជាជនអាមេរិកចូលរួមពិធីបុណ្យនេះគឺ ៧៣% កើនឡើងពី ៦៩% ក្នុងឆ្នាំ ២០២២ ដូច្នេះការទិញទំនិញ និងគ្រឿងតុបតែងទាំងអស់នេះបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកកើនឡើងយ៉ាងខ្លាំងដោយរំពឹងថានឹងបង្កើតកំណត់ត្រាចំនួន ១២.២ ពាន់លានដុល្លារក្នុងរយៈពេលចុងឆ្នាំនេះ៕










