ប្រទេសឥណ្ឌូណេស៊ី ៖ កញ្ចក់នៅលើស្ពានកញ្ចក់មួយកន្លែងនៅប្រទេសឥណ្ឌូណេស៊ីបានបាក់ភ្លាមៗ ហើយបណ្តាលឱ្យភ្ញៀវទេសចរស្លា.ប់ម្នាក់ និងម្នាក់ទៀតរងរបួ.ស ។ អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា វាគ្មានសញ្ញាជូនដំណឹងអ្វីទាំងអស់ ហើយអាជ្ញាធរបានឮសំឡេងកញ្ចក់បាក់ដូចគ្រាប់បែកផ្ទុះ ។ ក្រោយមក អាជ្ញាធរក៏ប្រញាប់នាំគ្នាជួយសង្គ្រោះជនរងគ្រោះ ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា កញ្ចក់នៅលើស្ពាន The Geong ដែលមានកម្ពស់១៥ម៉ែត្រនៅតំបន់ព្រៃស៊ុនលីមប៉ាគូវ៉ាស់ ក្នុងទីក្រុងបាន់យូម៉ាស់ ខេត្តឆវ៉ាក្លាង ប្រទេសឥណ្ឌូណេស៊ី បានបាក់ភ្លាមៗបណ្តាលឱ្យភ្ញៀវទេសចរស្លា.ប់ម្នាក់ និងរងរបួ.សម្នាក់ ។
រីឯសារព័ត៌មានឥណ្ឌូណេស៊ីចុះផ្សាយថា មុនពេលកើតហេតុការណ៍នេះ មានភ្ញៀវទេសចរចំនួន១៣នាក់បានឡើងលើស្ពានកញ្ចក់ដើម្បីគយគន់ទេសភាព ហើយនាំគ្នាថតរូបនៅលើស្ពាននេះ ភ្លាមៗនោះ ផ្ទាំងកញ្ចក់នៅលើស្ពានដែលមានកម្រាស់ប្រមាណ១សង់ទីម៉ែត្របានបាក់ធ្លាក់ចុះក្រោមចំនួន១ផ្ទាំង ។ ដូច្នេះ ធ្វើឱ្យភ្ញៀវទេសចរចំនួន៤នាក់ក្លាយជាជនរងគ្រោះក្នុងហេតុការណ៍នេះ ។
សារព័ត៌មានឥណ្ឌូណេស៊ីចុះផ្សាយបន្តថា ក្នុងចំណោមភ្ញៀវទេសចរ៤នាក់ មានភ្ញៀវទេសចរ២នាក់បានធ្លាក់ពីលើស្ពានបណ្តាលឱ្យស្លា.ប់ម្នាក់ និងរងរបួ.សម្នាក់ ចំណែកភ្ញៀវទេសចរ២នាក់ទៀតជាប់នៅលើស្ពានកញ្ចក់ និងត្រូវបានគេជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ។
បច្ចុប្បន្ន ស្ពានកញ្ចក់ត្រូវបានបិទមិនឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេតហេតុការណ៍នេះ ។ សមត្ថកិច្ចនឹងត្រួតពិនិត្យស្តង់ដារសុវត្ថិភាពនៃការសាងសង់ស្ពានកញ្ចក់ រួមទាំងស៊ើបអង្កេតអ្នកពាក់ព័ន្ធបន្ថែមទៀត៕ ប្រភព ៖ khaosod










