ពិតណាស់ អ្នកណាៗក៏ធ្លាប់ឆ្លងកាត់នឹងបញ្ហាផ្លូវចិត្តជាច្រើន រហូតគិតថាខ្លួនលែងមានតម្លៃសម្រាប់អ្នកដទៃទៀតហើយ ខ្លួនគ្មានប្រយោជន៍ ជាមនុស្សអត់បានការ និងលែងមើលឃើញពីតម្លៃជីវិតរបស់ខ្លួន ហើយចង់ស្វែងរកជំនួយ ដូច្នេះវិធីសាស្ត្រដ៏ល្អបំផុត សម្រាប់លើកទឹកចិត្តចំពោះមនុស្សជុំវិញខ្លួន អ្នកគួរតែប្រើប្រយោគខ្លីៗដូចខាងក្រោម ដែលឃ្លាទាំងនោះពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកបាក់ទឹកចិត្ត។
១.អ្វីៗនឹងប្រសើរឡើង មានអ្វីចង់និយាយ អាចចែករំលែកជាមួយខ្ញុំបាន ទោះបីជាពេលនេះ អ្នកអាចនឹងមានអារម្មណ៍ថាគ្រប់យ៉ាងហាក់ដូចជាងងឹតស្លុប តែត្រូវចាំថា «ក្រោយភ្លៀង មេឃស្រឡះ» អ្វីៗនឹងមិនដូចជាថ្ងៃនេះ និងពេលនេះនោះទេ…ហើយក៏ត្រូវចាំដែរថា «ម្នាក់នេះនឹងនៅទីនេះដើម្បីអ្នក…មានអ្វីចង់ចែករំលែក ម្នាក់នេះចាំស្តាប់ជានិច្ចណា៎…»។
២.ខ្ញុំជឿថាអ្នកនឹងទទួលបានលទ្ធផលល្អ ព្រោះខ្ញុំបានឃើញថាអ្នកប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដូច្នេះចូលកុំអស់សង្ឃឹមណា៎ កុំខ្លាចអី ត្រូវជឿជាក់លើខ្លួនឯង។
៣. អ្នកគួរគិតបែបវិជ្ជមាន ហើយគិតត្រឹមអ្វីដែលមានចំពោះមុខអ្នកសិន អ្នកអាចសុំជំនួយពីមនុស្សជុំវិញខ្លួនអ្នកគ្រប់ពេល ជាជាងការគិតម្នាក់ឯងធ្វើម្នាក់ឯង…យ៉ាងហោចណាស់ អ្នកក៏ទទួលបានការលើកទឹកចិត្តពីពួកគេដែរ…ទោះបីមិនបានច្រើន ក៏បានពីរបីម៉ាត់ដែរ…ដូចដែលបានប្រាប់ចឹងថាក្នុងពេលបែបនេះកុំសម្ងំម្នាក់ឯងអី គឺគ្រោះថ្នាក់ណាស់។
៤. ខ្ញុំប្រហែលជាមិនអាចជួយអ្វីបានច្រើននោះទេ តែខ្ញុំនឹងធ្វើតាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកប្រាប់ខ្ញុំគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីអ្នក…ខ្ញុំនឹងព្យាយាមតាមដែលអាចធ្វើបាន…។
៥.ត្រូវគិតថាអ្នកជាមនុស្សអស្ចារ្យណាស់ ព្រោះមនុស្សម្នាក់ៗកើតមកមានតម្លៃរៀងៗខ្លួន កុំប្រៀបធៀបខ្លួនឯងនឹងគេ ត្រូវតស៊ូដើម្បីក្តីស្រមៃរបស់អ្នក ថ្ងៃណាមួយអ្នកនឹងជោគជ័យ ដូច្នេះកុំពិបាកចិត្តអី វាមិនងាយស្រួលឡើយទម្រាំមកដល់ចំណុចនេះ។
៦.មិនថាក្នុងកាលៈទេសៈបែបណា តែងតែមានមនុស្សម្នាក់ដែលចាំចែករំលែកស្នាមញញឹម និងទឹកភ្នែករបស់អ្នកជានិច្ច ម្នាក់នេះណា…នឹងមិនបោះបង់ចោលអ្នកឡើយ បើទោះជាអ្នកផ្លាស់ប្តូរយ៉ាងណាក៏ដោយ…ក្តីបារម្ភ និងការយកចិត្តទុកដាក់តែងតែមានជានិច្ចសម្រាប់រូបអ្នក…។
៧.មុននឹងសម្រេចចិត្តគិតខ្លី សូមគិតដល់មនុស្សដែលស្រលាញ់ និងបារម្ភពីយើងជាងគេ តើពួកគាត់ពិបាកចិត្តយ៉ាងណា ពេលបាត់បង់រូបយើង? ហើយពេលទំនេរ គួរស្តាប់ធម៌អប់រំចិត្ត ដែលអាចជួយឱ្យចិត្តបានស្ងប់…៕










