ពិតជាគួរឱ្យសោកស្តាយណាស់សម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជា ភឹម ស្រីនោ Miss Grand Cambodia 2023 ដែលមិនបានចូល Top ណាមួយឡើយនៃការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសវៀតណាម។ ការមិនបានចូល Top នេះអ្នកគាំទ្របានលើកឡើងថា ស្រីនោ បានប្រឹងអស់ពីសមត្ថភាពហើយទោះលទ្ធផលបែបណាពួកគេនៅតែស្រលាញ់នាង ខណៈអ្នកមួយចំនួនតូចប៉ុណ្ណោះបានលើកឡើងថាដោយសារតែនាងមិនត្រូវស្តង់ដារបស់ Grand ជាដើម។
នារាត្រីថ្ងៃទី២៥ តុលា កម្មវិធីប្រកួត Miss Grand International 2023 នៅលើទឹកដីប្រទេសវៀតណាម បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញា Luciana Fuster តំណាងប្រទេស ប៉េរូ ខណៈកាលពីឆ្នាំ២០១៧ ម្ចាស់មកុដ MGI ក៏ជាប្រទេសប៉េរូហើយនៅលើទឹកដីនេះដូចគ្នា។
ចំណែកឯប្រទេសកម្ពុជាវិញដែលមានកញ្ញា ភឹម ស្រីនោ តំណាងឱ្យប្រទេសមិនបានចូលTop ឡើយ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងក្នុងនោះសូម្បីតែប្រទេសភីលីពីន ឆ្នាំនេះក៏មិនបានចូលTopដូចគ្នា។ ការមិនបានចូលTop របស់ ភឹម ស្រីនោ នេះដែរអ្នកគាំទ្របានលើកទឹកចិត្តដល់នាង ដោយបានលើកឡើងថា បវរកញ្ញាតំណាងប្រទេសយើងខិតខំប្រឹងអស់ពីសមត្ថភាពហើយ លទ្ធផលបែបណាក៏ពួកគេទទួលយក។ មិនត្រឹមតែមានការលើកទឹកចិត្តពីអ្នកគាំទ្រប៉ុណ្ណោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គុយ អេនណា លោកស្រី អ៊ឹម សុគន្ធា រួមទាំងបវរកញ្ញាផ្សេងទៀតក៏បានចូលរួមលើកទឹកចិត្តដល់ ភឹម ស្រីនោ ផងដែរ។
ទន្ទឹមនឹងមានការលើកទឹកចិត្ត ក្នុងនោះក៏មានអ្នកមួយចំនួនតូចបានលើកឡើងថា ភឹម ស្រីនោ មិនត្រូវស្តង់ដារបស់ Grand ណាមួយឆ្នាំនេះមានអ្នកខ្លាំងៗច្រើនណាស់ ជាពិសេសសូម្បីដែលបវរកញ្ញាដែលមានការរំពឹងទុកខ្ពស់ថាបានគ្រងមកុដឆ្នាំនេះក៏មិនបានដូចដែលមានការរំពឹងទុកដូចគ្នា ព្រោះកម្មវិធីនេះផ្តោតទៅលើជំនួញច្រើនជាង។
គួរបញ្ជាក់ថា សម្រាប់ប្រទេសក្នុងតំបន់អាស៊ានវិញ មីយ៉ាន់ម៉ា បានជាប់លំដាប់រងទី១ និង វៀតណាមជាម្ចាស់ផ្ទះបានជាប់លំដាប់រងទី៤ ចំណែកឯប្រទេសថៃ និងឥណ្ឌូនេស៊ី បានចូល Top 10 និង ឡាវ បានចូល Top 20 ៕










