ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានចូលរួមកិច្ចប្រជុំតុមូល ព្រមទាំងថ្លែងសុន្ទរកថាក្នុងកម្មវិធី «AMCHAM’s Annual General Meeting» នៅសណ្ឋាគារ The Athenee Hotel នាទីក្រុងបាងកក ។ ក្នុងឱកាសនោះ លោកលើកឡើងថា នៅពេលលោកចូលរួមកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសថៃ «AMCHAM Thailand» លោកបានផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនអាមេរិកថា ថៃបើកប្រទេសហើយ ហើយវាជាពេលវេលាដ៏ល្អ និងសមរម្យបំផុតសម្រាប់វិនិយោគិនអាមេរិកគួរមកវិនិយោគនៅថៃ ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «ខ្ញុំបានផ្តល់នូវទំនុកចិត្តថា ប្រទេសថៃមានចំណុចអ្វីខ្លះដែលទាក់ទាញការវិនិយោគ ដូចជា សិទ្ធិពិសេសផ្នែកពន្ធ, ថាមពលស្អាត រួមទាំងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅប្រទេសថៃ ដូចជា អាចឱ្យកូនចូលរៀននៅសាលារៀនអន្តរជាតិ, ប្រព័ន្ធព្យាបាលសុខភាព គឺប្រទេសថៃមានមន្ទីរពេទ្យល្អៗជាច្រើនកន្លែង» ។
ការវិនិយោគលើរថយន្តអគ្គិសនី (EV) ប្រទេសថៃបានស្ថិតក្នុងលំដាប់ទី១ ដែលមានរោងចក្ររថយន្តអគ្គិសនី និងប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រាកើនឡើងខ្ពស់ ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅសមាជិកសភាពាណិជ្ជកម្មអាមេរិកថា ថៃបានគាំទ្រការដំឡើងរថយន្តអគ្គិសនីរហូតមក ប៉ុន្តែលោកមិនប្រាកដចិត្តថា ថៃនឹងផ្តល់សិទ្ធិប្រយោជន៍ផ្នែកពន្ធយូរកម្រិតណា ។ ម្យ៉ាងទៀត ថៃនឹងពិនិត្យមើលវិនិយោគិនចាស់ផងដែរ គឺជប៉ុន ដែលថៃចាត់ទុកថា គឺជាប្រទេសវិនិយោគធំក្នុងរយៈពេល៥០ឆ្នាំ ទៅ៦០ឆ្នាំ ។
ចំណែកទិសដៅកំណើនសេដ្ឋកិច្ចប្រទេសថៃក្នុងរយៈពេល២ខែ ទៅ៣ខែនោះ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា លោកពិបាកនិយាយ ព្រោះបច្ចុប្បន្ន មានកើតសង្គ្រាមនៅប្រទេសអ៊ីស្រាអែល ។ ដូច្នេះ ប្រទេសថៃត្រូវតែតាមដានឱ្យដិតដល់ ប៉ុន្តែរដ្ឋាភិបាលក៏បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដូចជា វិធានការរយៈពេលខ្លី រហូតដល់រយៈពេលវែង ។ ចំណែកវិស័យទេសចរណ៍វិញត្រូវមើលថា តើសង្គ្រាមនៅអ៊ីស្រាអែលនឹងកាន់តែធ្ងន់ធ្ងរដែរឬទេ ? ប្រសិនបើវាធ្ងន់ធ្ងរ គឺនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ព្រោះថៃនឹងឈានចូលរដូវកាលទេសចរណ៍នៅចុងឆ្នាំ២០២៣ ។
លោកនាយករដ្ឋមន្ត្រីបន្តថា តាមរយៈការជជែកជាមួយក្រុមហ៊ុនអាជីវកម្មឃើញថា គ្រប់គ្នាមិនបានគិតពីចំណុចអវិជ្ជមានទេ ហើយមានក្រុមហ៊ុនមួយចង់មកសាងសង់រោងចក្រនៅថៃពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ហើយក្រុមហ៊ុននេះបានជជែកជាមួយលោករឿងសិទ្ធិពិសេសផ្នែកពន្ធ ។ ដូច្នេះ លោកឆ្លើយថា បើលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ លោកនឹងជជែកគ្នាបន្តទៀត ៕ ប្រភព ៖ nation










