ថ្មីៗនេះ មានការបង្ហោះរបស់ជនអនាមិកមួយ ដែលបានក្លែងបន្លំរាជសាររបស់ព្រះបរមរាជវាំង បង្កជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។
នៅក្នុងរាជសារក្លែងក្លាយនេះ បានលើកឡើងថា៖”ហ្លួងយាយ សូមគោរពអញ្ជើញ និងនិមន្ត ព្រះថេរធម្ម ចន វាសី ចន្ទមុនី ដើម្បីមកសម្លេង ព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន ថ្វាយ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិកម្ពុជា ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីល្ងាច នៅវត្ដទពត៌មាន(ហៅវត្តកាន់ទ្រង់) ស្ថិតនៅ ភូមិ កាន់ទ្រង់ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ។ ទូលព្រះបង្គំខ្ញុំម្ចាស់ សម្ដេច ព្រះស៊ីសុវត្តិ ពទ្យនារី មុនីពង្ស ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ព្រះរាជតំណាងជួសមុខអោយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និមន្ត និងប្រគេនពរ ព្រះថេរធម្ម វន វាសី ចន្ទមុនី ។ សូមប្រគេន ព្រះថេរធម្ម បានប្រកបតនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។ សូមប្រគេន ព្រះថេរធម្ម ទទួលនូវសេចក្ដីគោរពអំពី ហ្លួងយាយ”។
ក្រោយពីបានឃើញរាជសារក្លែងក្លាយ ខាងព្រះបរមរាជវាំងបានចេញលិខិតបកស្រាយច្បាស់ថា៖”រាជសារ ដែលគេបង្ហោះនៅលើបណ្តាញសង្គមនោះ គឺក្លែងក្លាយនោះទេ ដោយពុំមែនជា ព្រះរាជសារពិតប្រាកដ របស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡើយ៕











