បរទេស៖ បច្ចុប្បន្នបណ្តាញ Wi-Fi (5G) កំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន ដោយបានគាំទ្រយ៉ាងមានប្រសិទ្ធភាពលើឧស្សាហកម្មជាច្រើនដូចជា ការថែទាំសុខភាព ការអប់រំ ការកម្សាន្ត និងផលិតកម្មឧស្សាហកម្ម។
យោងតាមគេហទំព័រ Interesting Engineering ដែលបានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលាថា ចំនួនស្ថានីយ៍មូលដ្ឋានដែលផ្តល់បណ្តាញទូរស័ព្ទចល័តល្បឿនលឿនជំនាន់ទី ៥ (5G) នៅក្នុងប្រទេសចិន ឥឡូវនេះមានចំនួន ៣ លានស្ថានីយ។
បណ្តាញទូរស័ព្ទចល័ត 5G ផ្តល់ល្បឿនទាញយកទិន្នន័យពីរដងលឿនជាងការភ្ជាប់ 4G និងបង្កើនសមត្ថភាពព័ត៌មាន។ ទោះយ៉ាងណាក៏ដោយ ដូចបណ្តាញផ្សេងទៀតដែរ បទពិសោធន៍អ្នកប្រើប្រាស់នៅលើវេទិកាគឺអាស្រ័យលើចំនួនអ្នកប្រើប្រាស់ដែលភ្ជាប់ទៅបណ្តាញ និងចែករំលែកវិសាលគមដែលមាន។ ដូចនេះប្រទេសចិនកំពុងអនុវត្តគម្រោង៥០ ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ 5G យ៉ាងឆាប់រហ័សបន្ថែមទៀត។
គួររំលឹកដែរថា កាលពីដើមខែកក្កដាឆ្នាំ ២០២៣ ប្រទេសចិនបានសាងសង់ស្ថានីយ៍មូលដ្ឋានចំនួន ៦០០,០០០ ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ រហូតមកដល់ពេលនេះចំនួនស្ថានីយមូលដ្ឋានមានសរុប ៣ លាន។ បើប្រៀបធៀបទៅនឹងប្រទេសចិន តួលេខផ្លូវការបង្ហាញថា សហរដ្ឋអាមេរិកបានសាងសង់ស្ថានីយ៍មូលដ្ឋានចំនួនត្រឹមតែ ១០០,០០០ ស្ថានីយ៍ប៉ុណ្ណោះ។
លោក Zhao Zhiguo អ្នកនាំពាក្យរបស់ MIIT បាននិយាយថា ប្រទេសចិនបានអនុវត្តកម្មវិធីអប់រំពីចម្ងាយសាកល្បងចំនួន ១០៩ ដោយប្រើបណ្តាញ 5G ។ នៅក្នុងវិស័យវេជ្ជសាស្ត្រ ដំណើរការពិគ្រោះយោបល់ និងការព្យាបាលអ្នកជំងឺសព្វថ្ងៃនេះធ្វើឡើងតាមអ៊ីនធឺណិតជាមួយនឹងឧបករណ៍ឆ្លាតវៃជាងមុន។ ព្រឹត្តិការណ៍កម្សាន្តក៏ត្រូវបានចាក់ផ្សាយផងដែរដោយប្រើការតភ្ជាប់ 5G ។ ដូច្នេះ MIIT ក៏កំពុងសាកល្បងការប្រើប្រាស់ឧបករណ៍ 5G ដើម្បីផ្តល់នូវបទពិសោធន៍បីវិមាត្របន្ថែមទៀតនៅពេលមើលការប្រកួតកីឡា។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នបច្ចេកវិទ្យា 5G បានចូលរួមចំណែកដល់ ៧០% នៃវិស័យសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ដូចជាយានជំនិះថាមពលថ្មី (NEV) ថាមពលពន្លឺព្រះអាទិត្យ និងលំហអាកាស៕










