កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះនាចុងសប្តាហ៍នេះត្រូវនឹងថ្ងៃទី២៨ -២៩ តុលា នឹងមានកម្មវិធី «បុណ្យវប្បធម៌» ដែលប្រមូលផ្តុំដោយទស្សនីយភាពសិល្បៈបុរាណចម្រុះជាច្រើនសម្តែងជូនសាធារណជន។ ការចូលរួមរបស់ប្រជាពលរដ្ឋជាចំណែកមួយថែរក្សា និងលើកតម្កើងវប្បធម៌ជាតិ ប្រៀបដូចជាសុភាសិតមួយពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

បុណ្យវប្បធម៌ នេះនឹងប្រព្រឹត្តទៅនៅទីតាំង F3 (Friends Futures Factory ) ស្ថិតនៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង៩ព្រឹករហូតដល់ម៉ោង៩យប់ ចូលរួមដោយសេរី។ កម្មវិធីដ៏កម្រនេះមានដូចជា៖ របាំបុរាណខ្មែរ វិចិត្រសាលទំនើប ម្ហូបអាហារ ការសម្តែងតន្រ្តី ល្ខោនបុរាណ និងការដើរម៉ូដជាដើម។

ទស្សនីយភាពសិល្បៈចម្រុះនេះនឹងនាំឱ្យមហាជនបានឃើញ ការសម្តែងគុនល្បុក្កតោ ចាប៉ីដងវែង ទស្សនីយភាពវង់ភ្លេងបុរាណខ្មែរ របាំប្រពៃណីភូមិភាគឦសាន របាំឆ្មា របាំក្បាច់បុរាណលក្ស៊ីបុទុម ល្ខោនខោលត្រង់ឈុតចម្បាំងទូភី ការសម្តែងល្ខោនស្បែកតូចត្រង់ឈុតចៅផ្កាប់ត្រឡោក និង របាំមាន់។

គូសបញ្ជាក់ថាកម្មវិធី «បុណ្យវប្បធម៌» រៀបចំឡើងដោយសភាយុវជន ដែលគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង៕May be an image of 5 people and text