ប្រទេសឡាវ ៖ Green and Smart Mobility (GSM) គឺជាក្រុមហ៊ុនដំណើរការអាជីវកម្មរថយន្តអគ្គិសនីរបស់លោក Pham Nhat Vuong និងជាស្ថាបនិករបស់ Vingroup មានគម្រោងពង្រីកអាជីវកម្មរថយន្តតាក់ស៊ីអគ្គិសនីនៅប្រទេសឡាវ នៅចុងឆ្នាំ២០២៣ នេះ ។
ក្រុមហ៊ុន Green and Smart Mobility (GSM) នឹងចាប់ផ្តើមផ្តល់សេវាកម្មរថយន្តអគ្គិសនី VinFast VF 5 Plus និង VF e34 ចំនួន១.០០០គ្រឿង ។ លើសពីនេះ ក្រុមហ៊ុននឹងមានសេវាកម្មជួល និងលក់រថយន្តអគ្គិសនីកង់៤ ដល់ក្រុមហ៊ុនអាជីវកម្មផងដែរ ។
នៅពេលទីផ្សារមានតម្រូវការប្រើប្រាស់សេវាកម្មយានយន្តតាមរយៈកម្មវិធីនៅប្រទេសឡាវ គេរំពឹងថា វិស័យនេះនឹងរីកលូតលាស់ក្នុង១ឆ្នាំ ស្មើ៦,៩៥% រហូតដល់ឆ្នាំ២០២៧ ។ ហេតុនេះ ក្រុមហ៊ុនផ្តល់សេវាកម្មដ៏ធំបំផុតរបស់ Grab ឬ Gojek របស់ GoTo Group មិនទាន់បានផ្តល់សេវាកម្មនៅប្រទេសឡាវទេ ។ ទោះយ៉ាងណា នៅឡាវមានក្រុមហ៊ុន Loca ដែលដំណើរការអាជីវកម្មស្រដៀងគ្នានឹង Gojek, Grab និង GSM នៅវៀតណាម ។ ដូច្នេះ ក្រៅពីមានសេវាកម្មហៅរថយន្តហើយ ក៏មានសេវាកម្មហៅម៉ូតូជួលទៀតផង ។
អ្នកតំណាងក្រុមហ៊ុន GSM លើកឡើងថា ឡាវគឺជាប្រទេសមានព្រំដែនជាប់ជាមួយវៀតណាម ហើយឡាវចាប់អារម្មណ៍លើការផ្សព្វផ្សាយ និងគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ។ ឡាវបានដាក់គោលដៅប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រទេសរហូតដល់៣០% និងសាងសង់ស្ថានីយសាកថ្មសាធារណៈចំនួន២០០កន្លែងបន្ថែមទៀតនៅឆ្នាំ២០៣០ ។
ក្រៅពីនេះ ក្រុមហ៊ុន GSM បានផ្តល់សេវាកម្មរថយន្តអគ្គិសនី និង Scooter សម្រាប់សេវាកម្មតាក់ស៊ី និងរថយន្តជួល ។ ជំហានដំបូង VinFast បានស្វែងរករថយន្តចំនួន១ម៉ឺនគ្រឿង និងម៉ូតូចំនួន១សែនគ្រឿងសម្រាប់ប្រតិបត្តិការក្នុងក្រុមហ៊ុន GSM ហើយនៅខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននឹងសហការជាមួយ Kakao Mobility ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅវៀតណាមផងដែរ ៕
ប្រភព ៖ AEC connect










