ប្រទេសជប៉ុន ៖ តាមលទ្ធផលស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន កាលពីដើមខែតុលា ឆ្នាំ២០២៣ បង្ហាញថា ពលរដ្ឋធ្វើការនៅប្រទេសជប៉ុនប្រមាណជាង៤៥% បានសម្រាកតិចជាង៦ម៉ោងក្នុង១យប់ ។ អ្នកឆ្លើយតបការស្ទង់មតិ១០% និយាយថា ពួកគេបានសម្រាកតិចជាង៥ម៉ោងក្នុង១យប់ ហើយអ្នកឆ្លើយតប៣៥,៥% ប្រាប់ថា បានសម្រាកចាប់ពី៥ម៉ោង ទៅ៦ម៉ោងក្នុង១យប់ ខណៈអ្នកឆ្លើយតប៣៥,២% ទៀតប្រាប់ថា បានសម្រាកចាប់ពី៦ម៉ោង ទៅ៧ម៉ោងក្នុង១យប់ ។
លទ្ធផលស្ទង់មតិបុគ្គលិកចំនួន១ម៉ឺននាក់បង្ហាញថា អ្នកឆ្លើយតបប្រមាណ៧០% បានសម្រាកក្នុងបរិមាណត្រឹមត្រូវ គឺពួកគេមិនប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តទេ ។ ប៉ុន្តែអ្នកឆ្លើយតប២៧,៤% ដែលសម្រាកមិនគ្រប់គ្រាន់ត្រឹម៤ម៉ោងក្នុង១យប់ និង៣៨,៥% ដែលសម្រាកមិនគ្រប់គ្រាន់ត្រឹម៥ម៉ោងក្នុង១យប់ គឺពួកគេប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ។
ក្រសួងសុខាភិបាលជប៉ុនលើកឡើងថា វាមានភាពចាំបាច់ក្នុងការកែតម្រូវម៉ោងធ្វើការយូររបស់បុគ្គលិក ដើម្បីជួយឱ្យពួកគេមានពេលវេលាសម្រាកគ្រប់គ្រាន់បន្ថែមទៀត ។ លើសពីនេះ ពួកគេអាចថែទាំសុខភាពផ្លូវចិត្តឱ្យល្អប្រសើរផងដែរ ។
ចំណែកសារព័ត៌មាន Japan Today វិភាគថា ការស្លា.ប់ និងការធ្វើអត្តឃា.តរបស់ពលរដ្ឋជប៉ុននាពេលបច្ចុប្បន្ន គឺពាក់ព័ន្ធនឹងការងារធ្ងន់ធ្ងរ ។ គេរាយការណ៍ថា កាលពីឆ្នាំ២០២២ ប្រទេសជប៉ុនត្រូវចំណាយប្រាក់សំណងប្រមាណ៧១០ករណី ដោយសារពលរដ្ឋធ្វើការធ្ងន់ខ្លាំងពេក និងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយចុងក្រោយ ពួកគេក៏សម្រេចចិត្តធ្វើអត្ត.ឃា.ត ។
តាមការស្ទង់មតិកាលពីឆ្នាំ២០២១ របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) បង្ហាញថា ពលរដ្ឋជប៉ុនបានសម្រាកជាមធ្យមប្រមាណ៧ម៉ោង២២នាទី ។ នេះចាត់ទុកថា គឺជារយៈពេលតិចបំផុត បើធៀបនឹងប្រទេសជាសមាជិកចំនួន៣៣ (បច្ចុប្បន្ន អង្គការ OECD មានប្រទេសជាសមាជិកចំនួន៣៨) ។ ចំណែកពលរដ្ឋក្នុងប្រទេសផ្សេងៗបានសម្រាកគ្រប់គ្រាន់ជាងពលរដ្ឋជប៉ុន គឺការសម្រាកជាមធ្យមស្មើប្រមាណ៨ម៉ោង២៨នាទី ៕ ប្រភព ៖ mono news










