កាលពី៣២ឆ្នាំមុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ តំណាងរដ្ឋាភិបាលចំនួន ១៩ ប្រទេសបានមកជួបជុំគ្នានៅទីក្រុងប៉ារីស ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិមួយពាក់ព័ន្ធនឹងសង្គ្រាមនៅកម្ពុជាហៅថា៖ “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១”។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ជាកិច្ចព្រមព្រៀងមួយអនុលោមក្រោមគោលការណ៍ច្បាប់អន្តរជាតិ ។ ឯកសារ កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ចុះថ្ងៃទី ២៣ តុលា ១៩៩១ បានចែងថា៖ “ជម្លោះប្រកបដោយសោកនាដកម្មនិងការបង្ហូរឈាមដែលនៅបន្តនៅកម្ពុជា ជាបុព្វហេតុជម្រុញឱ្យមានសន្និសីទមួយស្តីអំពីកម្ពុជាតាមការអញ្ជើញរបស់រដ្ឋាភិបាលបារំាង។
នៅក្នុងនោះ គោលដៅនៃសន្និសីទគឺនាំសន្តិភាព មកជូនកម្ពុជាវិញតាមរយៈ ដំណោះស្រាយនយោបាយទូលំទូលាយ មួយដោយមានការធានាជាអន្តរជាតិ។
នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលហត្ថលេខីបានបង្កើតអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិមួយនៅកម្ពុជាហៅថា “អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា” United Nations Transitional Authority in Cambodia ដែលមានអក្សរកាត់ថា UNTAC “អ៊ុនតាក់” ដើម្បីរៀបចំកសាងប្រទេសកម្ពុជាឡើងវិញ។សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មានគោលដៅសំខាន់ៗ ៣យ៉ាងរួមមាន៖
- ទី១ រៀបចំឱ្យប្រទេសកម្ពុជាមានសន្តិភាពឡើងវិញតាមរយៈការអនុវត្ត កិច្ចឈប់បាញ់ និងការរំសាយអាវុធ នៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំងអស់ ព្រមទាំងការដកកងទ័ពបរទេស (វៀតណាម) ចេញពីកម្ពុជា
- ទី២ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោត សភាធម្មនុញ្ញ
- ទី៣ ការពារកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបាននូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន៕










