ប៉េកាំង៖ កាលពីថ្ងៃសុក្រទី២០ខែតុលានេះ ប្រធានាធិបតីចិនលោកស៊ីជីនពីងបានប្រាប់ទៅមន្ត្រីជាន់ខ្ពស់លំដាប់ទីពីររបស់វៀតណាមថា ប្រទេសយើងទាំងពីរមិនត្រូវភ្លេចនូវ «ចេតនាដំបូង» ដែលជាចំណងមិត្តភាពរបស់ពួកយើងតាំងពីបុរាណកាលនោះទេ។
ប្រទេសចិនមានទំនាក់ទំនងជាប្រពៃណីយ៉ាងរឹងមាំបំផុតជាមួយនឹងវៀតណាមតាំងពីទំនាក់ទំនងការទូតបានបង្កើតឡើងនៅឆ្នាំ១៩៥០មកម្លេះ ទោះបីជាមានសង្គ្រាមតូចមួយនៅឆ្នាំ១៩៧៩ក៏ដោយ។ ចិនបានគាំទ្រវៀតណាមនៅក្នុងការវាយប្រហារប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងម្តងរួចទៅហើយ បន្ទាប់មកទៀតក៏មានប្រឆាំងជាមួយនឹង Saigon និង ជួយទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមវៀតណាមផងដែរ។
នៅក្នុងវេទិកានាទីក្រុងប៉េកាំង “Belt and Road Forum” លោកស៊ីជីនពីងបានប្រាប់ទៅកាន់ប្រមុខរដ្ឋាភិបាលទី២របស់រៀតណាម គឺលោក Vo Van Thuong ថា «ទោះបីជាស្ថានការអន្តរជាតិកំពុងតែប្រឈមមុខនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយកិច្ចការអភិវឌ្ឍប្រទេសរៀងៗខ្លួនកំពុងស្ថិតនៅក្នុងភាពលំបាកក៏ដោយ ក៏ប្រទេសយើងទាំងពីរមិនត្រូវភ្លេចនូវចំណងដែលជាការចាប់ផ្តើមដំបូងនៃមិត្តភាពជាប្រពៃណីរបស់ពួកយើងនោះទេ»។ លោកបានបន្ថែមថា ចិននិងវៀតណាមគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍មួយគឺជជែកវែកញែក ពិគ្រោះយោបល់រួមគ្នាទៅលើបញ្ហាផ្សេងៗ ហើយគួរតែទាញយកផលប្រយោជន៍ឲ្យបានច្រើនពីផ្នែកភូមិសាស្រ្តនយោបាយនិងការបំពេញបន្ថែមឧស្សាហកម្មរបស់ពួកយើង។
គួរបញ្ជាក់ផងដែរថា នៅដើមខែតុលានេះសារព័ត៌មាន Reuter បានចុះផ្សាយថា លោកស៊ីជីនពីងនឹងធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការនៅទីក្រុងហាណូយនៅចុងខែតុលាឬដើមខែវិច្ឆិកា នេះគឺជាសេចក្តីបញ្ជាក់របស់មន្ត្រីរៀបចំផែនការ៕ ប្រភព CNA News










