ប្រទេសថៃ ៖ នៅខែតុលា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បាននាំគ្នាយកមាសមកលក់នៅតាមហាងនានា ដោយសារតម្លៃមាសបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ ហាងមាសមួយចំនួនបានផ្អាកទិញមាសបណ្តោះអាសន្នដើម្បីរក្សាសាច់ប្រាក់ ក្រោយពីតម្លៃលក់ចេញបានកើនឡើងដល់៣៤.០៥០បាតក្នុង១តម្លឹង រីឯតម្លៃទិញចូលស្មើនឹង៣៣.៩៥០បាតក្នុង១តម្លឹង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។
តម្លៃមាសបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ធ្វើឱ្យបណ្តាហាងលក់មាសនៅម្តុំផ្សារ Warorot ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ មានសភាពអ៊ូអរ ដោយសារពលរដ្ឋជាច្រើននាក់សម្រុកយកមាសរបស់ពួកគេមកលក់ ។
លោក Chatphon Sunthornpaiboon ជាម្ចាស់ហាងលក់មាសនិយាយថា រយៈពេលពេញ១សប្តាហ៍នេះ អតិថិជនជាច្រើននាក់បានយកមាសមកលក់ ក្នុងនោះមានពលរដ្ឋធម្មតា និងអ្នករកស៊ី ។ តម្លៃមាសនៅប្រទេសថៃកើនឡើង ដោយសារបញ្ហាសង្គ្រាមនៅប្រទេសអ៊ីស្រាអែល ហើយបើសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរបន្តទៀត លោកជឿថា តម្លៃមាសនឹងកើនឡើងរហូតដល់៣៤.៥០០បាតក្នុង១តម្លឹង ។ ដូច្នេះ នៅពេលតម្លៃមាសកើនឡើងមិនឈប់ លោកចង់ណែនាំឱ្យអ្នករកស៊ីយកមាសមកលក់យកប្រាក់ចំណេញ ព្រោះបើស្ថានការណ៍សង្គ្រាមធូរស្រាលនោះអាចធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ។
ទោះយ៉ាងណា តម្លៃមាសបានកើនឡើងជាង១.០០០បាតក្នុងរយៈពេល១សប្តាហ៍នេះ និងធ្វើឱ្យហាងលក់មាសមួយចំនួននៅខេត្តឈៀងម៉ៃ ផ្អាកទិញចូលបណ្តោះអាសន្នសិនដើម្បីរក្សាសាច់ប្រាក់ ។ ចំណែកហាងមាសធំៗនៅតែទទួលទិញមាសតាមធម្មតា ប៉ុន្តែគេទទួលស្គាល់ថា តម្លៃមាសកើនឡើងធ្វើឱ្យបរិមាណទិញមាសធ្លាក់ចុះ ព្រោះមានតែអ្នកយកមាសមកលក់ ។
អ្នកនាង Darunee Sakuna ជាអ្នករកស៊ីប្រាប់ថា តម្លៃមាសកើនឡើងធ្វើឱ្យនាងសម្រេចចិត្តយកមាសមកលក់យកប្រាក់ចំណេញ ហើយនាងទទួលបានប្រាក់ចំណេញចំនួន១.០០០បាតក្នុង១តម្លឹង ។ នាងបានយកមាសមកលក់សរុបជាង៥០តម្លឹង ចំណែកមាសនៅសេសសល់នោះ នាងនឹងរង់ចាំមើលស្ថានការណ៍មួយរយៈទៀត ។ បើនាងអាចទទួលបានប្រាក់ចំណេញច្រើន នាងនឹងយកមាសទាំងអស់មកលក់ រួចហើយចាំទិញម្តងទៀតនៅពេលតម្លៃធ្លាក់ចុះ ៕
ប្រភព ៖ Thairath










